អាជ្ញាធរ​ខេត្តកំពង់ចាម​ បំពាក់​ម៉ាស៊ីនសម្លាប់មេរោគ កូវីដ​១៩​ ដោយ ​ស្វ័យប្រវត្តិ​ ៦គ្រឿង​ នៅ​តាម​ទីសាធារណៈ​

0

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ បាន​បំពាក់​ម៉ាស៊ីន​បាញ់​សម្លាប់​មេរោគ​កូវីដ​១៩​ដោយ​ស្វ័យប្រវត្តិ​ ចំនួន៦គ្រឿង​ នៅតាមទីសាធារណៈ សំខាន់ៗ នៅក្នុងក្រុងកំពង់ចាម​ ខណៈ​ដែល​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ ទាំង​១៦នាក់​ ក្នុង​ខេត្តកំពង់ចាម​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​អស់​ហើយ​ ​គិត​ត្រឹម​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២០នេះ​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដាក់ចេញនូវ​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ ដល់​មន្ត្រី​រាជការ​ អាជ្ញាធរ​មូលដ្ឋាន​ កងកម្លាំង​ប្រដាប់​អាវុធ​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន ក្នុង​គ្រួសារ​ កន្លែង​ធ្វើការ​ ក៏ដូចជា​នៅ​ទីសាធារណៈ​ ជៀសវាងការជួបជុំគ្នា​ក្នុង​ពិធី​ធំ​ៗ​ និង​ត្រូវ​ពាក់ម៉ាស់​នៅ​ទីប្រជុំជន ព្រមទាំង​លាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និង​វាស់ស្ទង់​កម្ដៅ​ជា​រៀង​រាល់​ថ្ងៃ​ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ផងដែរ​។
គួរ​បញ្ជាក់​ផង​ដែរថា​ បេី​ទោះបីជា​ ខេត្តកំពង់ចាម​ មាន​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩​ ចំនួន​១៦នាក់​ ហើយ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ អស់​ហើយ​ក្កី​ តែ​មិន​ត្រូវ​មាន​ការ​ធ្វេសប្រហែស​នោះ​ទេ​ គឺ​ប្រើ​វិធី​ការពារ​ វា​ប្រសើរ​ជាង​ព្យាបាល​ ដូច​ជា​ការ​បំពាក់​ម៉ាស៊ីន​បាញ់​សម្លាប់​មេរោគ​កូវីដ​១៩​ ដោយ​ស្វ័យប្រវត្ត​នេះ​ ជា​វិធី​ការពារ​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​ ៕