មុខសញ្ញាប្រើឧបករណ៍ឆក់ត្រី ក្នុងទន្លេមេគង្គ យ៉ាងសកម្ម ត្រូវបានសហគមន៍នេសាទបង្រ្កាបបញ្ជូនឲ្យជំនាញ

0

ខេត្តស្ទឹងត្រែង៖ ក្រុមគណ:កម្មការសហគមន៍នេសាទកាំងដីស សហការជាមួយឆ្មាំទន្លេអភិរក្សសត្វផ្សោត ចុះបង្ក្រាបមុខសញ្ញាចាស់ ដែលប្រើឧបករណ៍ឆក់ត្រី នៅវេលាម៉ោង១០និង៣០នាទីយប់ ក្នុងថ្ងៃទី២៣មេសា នៅចំនុចភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក រួចបញ្ជូនមកកាន់ខណ្ឌរដ្ឋបាលជលផលខេត្ត ដើម្បីកសាងសំណុំរឿង ។

លោក វង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានឲ្យដឹងថា:ជនសង្ស័យជាមុខសញ្ញាចាស់ ដែលប្រើឧបករណ៍ឆក់ល្មើសច្បាប់ បានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេសាទនៅក្នុងឃុំកោះស្រឡាយ ក្នុងស្រុកសៀមបូក ។លោកថា:ជនសង្ស័យរូបនេះ ជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចជំនាញ ធ្វើតាមចាប់អស់រយ:ពេលយូរមកហើយ ទើបតែពេលនេះភ្លាត់ស្នៀត ដោយកម្លាំងគណ:កម្មការសហគមន៍នេសាទ ធ្វើការបង្ក្រាប និងចាប់ខ្លួនបានតែម្តង ។

ក្រោយការបង្រ្កាបបទល្មើសជលផលនោះ ខាងជំនាញដកហូតបានវត្ថុតាង ដែលបម្រើឲ្យប្រព្រឹត្តបទល្មើសមានដូចជា:អាគុយកម្លាំង៧០អំពែចំនួន០២គ្រឿង ក្បាលឆក់កម្លាំង៤១៨០០០វ៉ាត់ចំនួន០១គ្រឿង និងឧបករណ៍ដងត្រីមួយសម្រាប់ រួមនិងទូកស្មាច់០១គ្រឿង ម៉ាស៊ីនម៉ាកហ៊ីណូតា កម្លាំង២០សេស ចំនួន០១គ្រឿងផងដែរ ។ ក្នុងនោះក្រុមការងារបង្រ្កាបបទល្មើសនេសាទ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ញិល រស្មី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងបទល្មើសនេសាទ ត្រូវបានកម្លាំងគណៈកម្មការសហគមន៍នេសាទកាំងដីស បញ្ជូនមកឲ្យជំនាញនៃខណ្ឌរដ្ឋបាលជលផល កសាងសំណុំឯកសារ បញ្ជូនបន្តទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ ដោយ:ម៉ាវិន