កម្លាំងចំរុះយកត្រាក់ទ័ររុញបង្គោលរបងករណីរំលោភដីព្រៃសហគមន៍

0

ខេត្តពោធិ៍សាត់៖ កម្លាំងចំរុះស្រុកក្រគរសរុបប្រមាណចំនួន ២៣នាក់ និងត្រាក់ទ័រ ១គ្រឿង សហការចុះរុញបង្គោលរបងឈើ ដែលគេសង្ស័យជាការរំលោភយកដីព្រៃសហគមន៍ ដោយធ្វើការឈូសឆាយ និងបោះបង្គោលហ៊ុព័ទ្ធពីសំណាក់ជនខិលខូច ។

ករណីកម្លាំងចំរុះចុះរុញបង្គោលរបងខាងលើ ធ្វើឡើងពេញមួយព្រឹកនាថ្ងៃព្រហស្បត្តិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញកន្លងទៅនេះ តំបន់ដីព្រៃសហគមន៍ត្រង់ចំណុចចំបក់ផ្អែម ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពពីរបាយការណ៍កម្លាំងសហការចុះការងារទប់ស្កាត់ និងបង្រ្កាប ការរំលោភដោយធ្វើការឈូកឆាយ និងបោះបង្គោលរបងឈើ ពីសំណាក់ជនខិលខូចមួយក្ដាប់តូចខាងលើ ចាប់ផ្ដើមធ្វើឡើងនៅម៉ោង៨ និង០០នាទី រហូតដល់ម៉ោង១១ និង០០នាទីនាទីព្រឹកថ្ងៃដដែល ទើបសម្រេចនៅការងារនោះ ហើយបានធ្វើកំណត់រាយការណ៍ជូនថ្នាក់លើ ដើម្បីរងចាំបន្តនីតិវិធី ៕