លេខាធិការដ្ឋានគណៈកម្មការអាយស៊ីស៊ី-អង្គរនិងអាជ្ញាធរជាតិអប្សរា ចុះពិនិត្យតាមដានកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ

0

សៀមរាប:មន្ត្រីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យដំណើរការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៦ដល់ទី៨ ខែមិថុនា ឆ្នាំ២០២០។

ការចុះពិនិត្យនេះគឺធ្វើឡើងដោយសារការខកខាននៃការបើកកិច្ចប្រជុំបច្ចេកទេសនៅឆ្នាំ២០២០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ព្រោះតែការរីករាលដាលនៃជំងឺកូវីដ-១៩នៅជុំវិញពិភពលោក។

ការចុះពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តការងារអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ គឺដើម្បីតាមដានការបំពេញការងាររបស់ស្ថាប័នជាតិ អន្តរជាតិ ថាបានអនុវត្តស្របតាមបទដ្ឋានបេតិកភណ្ឌពិភពលោកឬយ៉ាងណាក្នុងការជួសជុលប្រាសាទក្នុងតំបន់អង្គរ ចៀសវាងការធ្វើអ្វីផ្ទុយពីធម្មនុញ្ញអង្គរដែលនាំឱ្យប៉ះពាល់ដល់តម្លៃប្រវត្តិសាស្ត្រនិងបុរាណដ្ឋាននៃរមណីយដ្ឋានអង្គរ៕