ក្រុមហ៊ុន សៀ ម៉ុន ច្រានចោលការចោទប្រកាន់ថា ក្រុមហ៊ុនកាប់ឈើពីក្រៅចូល ដោយមេធាវីតំណាងចេញលិខិតបំភ្លឺថា ក្រុមហ៊ុននេះ ទទួលបានសិទ្ធិសហការដាំឈើជាមួយ រដ្ឋបាលព្រៃឈើ ពីរាជរដ្ឋាភិបាល

0

ភ្នំពេញ៖ មេធាវីតំណាងអោយក្រុមហ៊ុន សៀ ម៉ុន(ខេមបូឌា) អេហ្គ្រីខលឈ័រ ខមប្រេអេនស៊ីវ ឌីវេឡុបមេន ឯ.ក បានចេញលិខិតបំភ្លឺជាសាធារណៈនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា៖ មួយរយៈកន្លងមកនេះ សារព័ត៌មានអនឡាញ កាសែតក្នុងស្រុកមួយចំនួនធ្វើការផ្សព្វផ្សាយថា ក្រុមហ៊ុននេះបានធ្វើការដឹកយកឈើពីខាងក្រៅចូលក្រុមហ៊ុន (កន្ទេលធំបន្លំដេក) នោះជារឿងមិនពិតនោះទេ កត្តានេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជាខ្លាំង។

លិខិតរបស់ មេធាវីតំណាងអោយក្រុមហ៊ុន សៀ ម៉ុន(ខេមបូឌា) អេហ្គ្រីខលឈ័រ ខមប្រេអេនស៊ីវ ឌីវេឡុបមេន ឯ.ក បានធ្វើការជម្រាបជូនសាធារណៈជនថា ក្រុមហ៊ុនខាងលើមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ គឺក្រុមហ៊ុន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមលិខិតអនុញ្ញាតិលេខ ៤៥១ សជណ.កស ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងលិខិតលេខ៥០៦៩ កសក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយឈូសឆាយសំអាតដី និងប្រមូលផលឈើ និងអនុផលព្រៃឈើតែក្នុងអនុតំបន់១ និងអនុតំបន់៦B នៃស្ថានីយដាំឈើសៀមប៉ាងតែប៉ុណ្ណោះ ដើម្បីរៀបចំដីសម្រាប់ដាំដើមឈើឡើងវិញ តាមផែនការមេរប​ស់ក្រុមហ៊ុន។ ការអនុវត្តការងារនេះ គឺក្រុមហ៊ុនបានបង់ប្រាក់ថ្លៃសួយសារ និងបុព្វលាភផល អនុផលចូលថវិការដ្ឋរួចរាល់ហើយ ដោយស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។

ក្នុងលិខិតមេធាវីថែមទាំងបានបញ្ជាក់ទៀតថា ប្រសិនបើសារព័ត៌មានទាំងអស់នៅតែបន្តធ្វើការផ្សព្វផ្សាយព័ត៌មានគ្មានការពិត បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនតទៅទៀត ក្រុមហ៊ុននឹងមានវិធានការតាមផ្លូវច្បាប់ និងសូមកុំឲ្យសាធារណៈជន មានការភាន់ច្រឡំជៀសវាងបង្កបញ្ហាដល់ការអភិវឌ្ឍ និងវិនិយោគរបស់ក្រុមហ៊ុនដែលកំពុងដំណើរការទៅតាមផែនការ។

សូមបញ្ជាក់ថា បើយោងតាមលិខិតលេខ ៤៥១ សជណ.កស របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖

១- បង្កើតស្ថានីយដាំឈើសហការដៃគូរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលព្រៃឈើ) ជាមួយក្រុមហ៊ុន SIEMON (CAMBODIA) AGRICULTURE COMPREHENSIVE DEVELOPMENT Co.,Ltd ដោយឲ្យឈ្មោះថា “ស្ថានីយដាំឈើសហការដៃគូសៀមប៉ាង”។

២- ចុះកិច្ចព្រមព្រៀងសហការដៃគូជាមួយក្រុមហ៊ុនលើផ្ទៃដីដែលបានកាត់ផលប៉ះពាល់រួច សម្រាប់ធ្វើការអភិវឌ្ឍន៍ ស្តារ និងដាំដុះព្រៃឈើឡើងវិញ លើផ្ទៃដីទំហំ ២៦ ៩៩០ ហិកតា។

៣- ចំពោះមុខ អនុញ្ញាតឲ្យក្រុមហ៊ុនដំណើរការររៀបចំបង្កើតថ្នាលបណ្តុះកូនឈើទំហំ ៣០០ហិកតា នៅលើទីតាំងស្នើសុំ សំដៅធានាបានប្រសិទ្ធិភាពការងារដាំឈើទាន់ពេលវេលា៕