នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បណ្តោយឲ្យលោក ថេរ សុរិទ្ធិយ៉ា មេនគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់និងបក្ខពួកប្រព្រឹត្តអំពេីពុករលួយជិះសេះលែងដៃ

0

ខេត្តឧត្ដមានជ័យ៖ ប្រភពស្និទ្ធនឹងលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរស្មាច់ បានបង្ហើ បឲ្យដឹងថា ដោយសារអាងមាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាបង្អែករឹងមាំទើបលោក ថេរ សុរិទ្ធិយ៉ា និងលោក ទា ប៉ាវសំណាង មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលមិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងបណ្តោយឲ្យលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរស្មាច់ ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា រឿងអាស្រូវពុករលួយរបស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរស្មាច់ មិនអាចបិទបាំងបានឡើយព្រោះក្រុមឈ្មួញ ក្រុមអាជីវករ និងប្រជាពលរដ្ឋ បានលាតត្រដាងជាបន្តបន្ទាប់រួចមកហើយ។
ប្រមាណមួយសប្តាហ៍កន្លងទៅនេះរឿងអាស្រូវនិងអំពើពុករលួយរបស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់។ ក៏ប៉ុន្តែនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរស្មាច់ នៅឡើយទេ។ ប្រការនេះហើយទើបលោក ថេរ សុរិទ្ធិយ៉ា បន្តប្រើប្រាស់តួនាទីនិងអំណាចរបស់ខ្លួនគាបយកលុយពីក្រុមអាជីវករនិងប្រជាពលរដ្ឋដែលនាំចូលទំនិញពីប្រទេសសៀម តាមច្រកអូរស្មាច់យ៉ាងគឃ្លើនមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

បើតាមប្រភពពីក្រុមឈ្មួញ ក្រុមអាជីវករនិងប្រជាពលរដ្ឋដែលនាំចូលទំនិញពីប្រទេសសៀម តាមច្រកអូរស្មាច់ បានឲ្យដឹងថា បើទោះបីពួកគាត់នាំចូលទំនិញបង់ពន្ធត្រឹមត្រូវក៏ដោយ ក៏ចៀសមិនផុតពីបង់លុយក្រោមតុតាមការកំណត់របស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរស្មាច់ នោះទេ។ ប្រភពបានឲ្យដឹងទៀតថា លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរស្មាច់ និងលោក ទា ប៉ាវសំណាង ជាអនុប្រធាន កំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។ បើតាមការបង្ហើ បពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកអូរស្មាច់ បានឲ្យដឹងថា តាមរយៈអំពើពុករលួយគឺលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរស្មាច់ និងលោក ទា ប៉ាវសំណាង ប្រមូលលុយក្នុងមួយខែៗបានមិនតិចជាង៥ម៉ឺនទៅ៧ម៉ឺនដុល្លារ នោះទេហើយពួកគេចែកគ្នាធ្វើមានធ្វើបានយ៉ាងត្រជាក់ចិត្ត ៕