អាជ្ញាធរនិងជំនាញត្រូវឆ្លើយតបជាបន្ទាន់រាល់សំណូមពររបស់ប្រជាពលរដ្ឋពីបញ្ហាទាក់ទងផ្លូវ និងស្ពាន ដែលពិបាកធ្វើដំណើរ

ខេត្តកំពត៖អភិបាលខេត្តកំពតបានជំរុញដល់អាជ្ញាធរ មន្ត្រីជំនាញ និងពាក់ព័ន្ទ ឲ្យដោះស្រាយ និងឆ្លើយតបជាបន្ទាន់ នៅពេលទទួលបានសំណូមពរផ្សេងៗពិសេសបញ្ហាទាក់ទងនឹងផ្លូវ ឬស្ពាន ពិបាកការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ទៅប្រកបមុខរបររកស៊ីទទួលទាន ឬទៅក្នុងគោលបំណងផ្សេងៗទៀតនោះ។

ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ដូចនេះនៅក្នុងឱកាសនៃដំណើរចុះសួរសុខទុក្ខ និងស្វែងយល់ បញ្ហាសំណូមពរ បញ្ហាប្រឈម បញ្ហាកង្វល់របស់ប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងសង្កែ និងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពី
អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីជំរុញដល់ការដោះស្រាយបញ្ហា សំណូមពរមួយចំនួន ទាក់ទង់ផ្លូវថ្នល់ និងស្ពាន ពិបាកធ្វើដំណើរឆ្លងកាត់ពិសេសក្នុងរដូវវស្សាភ្លៀងធ្លាក់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបន្តលើកបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺសម្ដេចតេជោតែងតែ ក្រើនរំលឹកដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ឲ្យមានការយកចិត្តទុកដាក់រួមសុខរួមទុក្ខ ដោះស្រាយរាល់បញ្ហា សំណូមពរ ក្តីកង្វល់ ការលំបាកជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។ ជាងនេះទៅទៀត ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្លល់ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាការងារអាទិភាពមួយ ហើយជានិច្ចកាលសម្តេចតែងតែបានលើកឡើងថា “ មានផ្លូវ គឺមានសង្ឃឹម ” ។
យ៉ាងណាមិញ សម្រាប់ខេត្តកំពត ក៏ដូចគ្នាដែរ រាល់បញ្ហា និងសំណូមពរអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ត្រូវតែប្រញាប់ដោះស្រាយ និងឆ្លើយតបទៅប្រជាពលរដ្ឋជាបន្ទាន់ ពិសេសបញ្ហាទាក់ទងផ្លូវថ្នល់ និងស្ពាន សម្រាប់ធ្វើដំណើរទៅមកប្រចាំថ្ងៃ ។ ឯកឧត្តមអភិបាលក៏បានបញ្ជាក់ទៀតថា រាល់ការដោះស្រាយបញ្ហាផ្សេងៗ មិនមានបញ្ហាអ្វី ជាឧបសគ្គដែលដោះស្រាយមិនបាននោះឡើយ ឱ្យតែមានឆន្ទៈនិងកិច្ចសហការ សាមគ្គីគ្នាល្អ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ដូច្នេះការដោះស្រាយបញ្ហាទាំងឡាយណាដែលកើតនៅក្នុងមូលដ្ឋាននីមួយៗ គឺត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម គឺដំណោះស្រាយ ត្រូវតែអាចកើតចេញបានជាលទ្ធផលពុំខានឡើយ។
ជាមួយលទ្ធផលនៃការដោះស្រាយរាល់បញ្ហាសំណូមពររបស់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ជាវ តាយអភិបាលខេត្តបានដោះស្រាយ និងឆ្លើយតបសំណូមពរពលរដ្ឋទាំងពីរ ឃុំចំនួន៤ចំនុច ៖ ទី១-អាជ្ញាធរ មន្ត្រីជំនាញ និងពាក់ព័ន្ធ ត្រូវបានដាក់លូដោះទឹកដើម្បីឲ្យប្រជាពលរដ្ឋអាចឆ្លងកាត់បានខណៈដែលស្ពាន នៅលើផ្លូវលេខ ១៣៩ ដែលកំពុងសាងសង់នៅមុខសាលាឃុំត្រពាំងព្រីងជាបណ្ដោះអាសន្ន, ទី២-អាជ្ញាធរឃុំត្រូវជម្រុញការសាងសង់ផ្លូវ១ខ្សែ ប្រវែង ១០០០ម៉ែត្រក្នុងភូមិអង្គ ឃុំត្រពាំងព្រីងឲ្យបានឆាប់រហ័ស ដោយប្រើប្រាស់ថវិកាមូលនិធិប្រចាំឆ្នាំរបស់ឃុំ.ទី៣- បានសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋដើម្បីពង្រីកការសាងសង់ផ្លូវបេតុងប្រវែងជិត៣០០ម៉ែត្រ ទទឹង២ម៉ែត្រ ចូលផ្ទះពលរដ្ឋប្រមាណចំនួន២០គ្រួសារតាមការស្នើសុំ និងទី៤-ដោះស្រាយឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋ ដើម្បីពង្រីកនិងចាក់គ្រួសក្រហម លើផ្លូវចូលផ្ទះរបស់ពួកគាត់ក្រោមការឧបត្ថម្ភថវិការបស់ឯកឧត្តមអភិបាលខេត្ត៕