ការ​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ​ ក្នុង​​ស្រុក​កំពង់សៀម​ ចំនួន​​៤​គម្រោង​ ត្រូវ​បាន​បន្ត​ដាក់​ឲ្យ​ដំណើរ​ការ​​​​ដេញ​​ថ្លៃ​​​​​

កំពង់ចាម​:​ គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ត្រូវ​បាន​ប្រកាស​ដាក់​ដេញ​ថ្លៃ​ ចំនួន​៤គម្រោង​ នៅ​សាលា​ស្រុក​កំពង់សៀម​​​​​​​​ ក្រោម​វត្តមាន​​លោក​ ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​​ និង​លោក​ ឈួន​ វិបុល​ អភិបាល​រង​ស្រុក​កំពង់សៀម​​ ដោយ​មាន​ការ​ចូលរួម​ពី​​ គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​ ឈួន​ វិបុល​ អភិបាលរង​ស្រុក​កំពង់សៀម​​​ បាន​ធ្វើ​ការ​សំណូមពរ​ដល់​​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ទាំងអស់​ សូម​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ដោយ​ភាព​ថ្លៃថ្នូរ​ និង​កុំ​ឲ្យ​មាន​ការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​​ ហេីយ​ការ​សាងសង់​ ​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​ផងដែរ​។

ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ លោក​ ​ឡី​ មិច​​ បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​ទទួល​ការ​ទាំង​អស់​ ដែល​បាន​ចូល​រួម​ដេញ​ថ្លៃ​គម្រោង​នេះ​យ៉ាង​មាន​របៀបរៀបរយ​ល្អ​ តាម​ការ​រៀបចំ​របស់​អាជ្ញាធរ​ ក៏​ដូចជា​​គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ ហេីយសូម​ឲ្យ​រាយការណ៍​ជា​បន្ទាន់​ បើ​សិន​ជា​មាន​ករណី​ទារ​ថ្លៃ​លុយ​ទឹកតែ​ ពី​បុគ្គល​ណា​មួយ​ ដេីម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៤ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​គៀនជ្រៃ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៧២​ ​ម៉ែត្រ​ ទទឹង ៤ មែត្រ កម្រាស់០.១៥ម៉ែត្រ​ នៅភូមិកៀនជ្រៃក្នុង។
២-ឃុំ​វិហារ​ធំ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៨៥​ ម៉ែត្រ​ ទទឹង ៤ មែត្រ នៅភូមិប្រសាទ។
៣-ឃុំ​ហាន់ជ័យ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៤៥​ ម៉ែត្រ​ ទទឹង៤​ ម៉ែត្រ​ នៅភូមិល្វាទេ។
៤-ឃុំ​ហាន់ជ័យ​ ជួសជុលផ្លូវដីក្រាលក្រួសក្រហម ប្រវែង ២០៧ ម៉ែត្រ​ ទទឹង៤ម នៅភូមិក្រូចសើច​ ៕