សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បើកកិច្ចប្រជុំប្រគល់ភារកិច្ចជូនក្រុមការងារចុះអនុវត្តការងារគ្រប់គ្រង និងដោះស្រាយដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន

0

ខេត្តកំពង់ធំ៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំក្រុមការងារចម្រុះ ដើម្បីភារកិច្ចគ្រប់គ្រងនិង ដោះស្រាយដីសម្បទានសង្គមកិច្ច បម្រុងផ្ដល់ជូនអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះនៅក្នុងខេត្តកំពង់ធំ ពិធីនេះបានធ្វើឡើងនៅនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ។
កិច្ចប្រជុំត្រូវបានធ្វើឡើង ក្នុងសាលប្រជុំបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាលខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយប្រធានសមាគមអតីតយុទ្ធជន ស្រុកក្រុង និងអ្នកមុខអ្នកការចូលរួមផងដែរ កិច្ចប្រជុំនេះ ក្នុងគោលបំណងជម្រុញឲ្យ អាជ្ញាធរដែនដី ប្រធានមន្ទីរអង្គភាពគ្រប់ស្ថាប័ន ខឹតខំប្រឹងប្រែងការងារដោះស្រាយដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ ចំពោះជាតិមាតុភូមិ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នជំនាញផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបអំពីតំបន់ដីសម្បទានសង្គមកិច្ច ដែលជាដីរបស់រដ្ឋ និងត្រៀមផ្ដល់ជូនអតីតយុទ្ធជន និងសូមឲ្យក្រុមការងារគ្រប់សមាសភាពនៅក្នុងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏ដូចជាស្ថាប័នដែលមានការពាក់ព័ន្ធ ចុះទៅប្រចាំការដើម្បីធ្វើការដោះស្រាយតាមភារកិច្ចរៀងៗខ្លួន សូមឱ្យមានការកំណត់ទីតាំង និងព្រំដីដែលត្រូវផ្ដល់ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះ គាត់បានរៀបចំសាងសង់លំនៅ រៀបចំហេដ្ឋារចនាសម្ព័ន្ធ មានភូមិដ្ឋាន មានផ្លូវថ្នល់ សាលារៀន ទីផ្សារ ។
ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត ប្រធានក្រុមការងារគ្រប់គ្រង និងដោះស្រាយដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន បានផ្តាំផ្ញើរសូមឲ្យក្រុមការងារ ខិតខំអនុវត្តភារកិច្ចដោះស្រាយដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន ឈរលើឆន្ទៈដាច់ខាតដើម្បីបម្រើដល់ប្រយោជន៍អតីតយុទ្ធជន និងបានសំណូមពរឲ្យអាជ្ញាធរស្រុក ភូមិ ឃុំ និងបណ្ដាមន្ទីរស្ថាប័នដែលមានការពាក់ព័ន្ធត្រូវចុះទៅដោះស្រាយបញ្ហានេះ ឲ្យបានជាបន្ទាន់ ដើម្បីប្ដេជ្ញាចិត្តរៀបចំដីសម្បទានសង្គមកិច្ច ផ្ដល់ជូននូវអតីតយុទ្ធជន ដែលបច្ចុប្បន្នគាត់មានអាយុកាន់តែចាស់ណាស់ ដើម្បីឲ្យពួកគាត់រស់នៅក្នុងដីសម្បទានសង្គមកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕
ដោយ ប៊ុន រដ្ឋា