ឯកឧត្តម សុខ លូ អំពាវនាវដល់សម្ព័ន្ធរសហគមន៍កសិកម្មកម្ពុជា ខិតខំស្វែងរកដៃគូរអភិវឌ្ឍន៍នានា ដើម្បីស្វែងរកទីផ្សារ សម្រាប់សហគមន៍កសិកម្មក្នុងខេត្តកំពង់ធំ

0

កំពង់ធំ):ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ខិតខំស្វែងរក ដៃគូរអភិវឌ្ឍន៍នានា ក្រុមហ៊ុន វិស័យឯកជន ដើម្បីជួយពង្រឹងសមត្ថភាព និងស្វែងរកទីផ្សារ សម្រាប់សហគមន៍កសិកម្មទាំងអស់ក្នុងខេត្តកំពង់ធំ។ ឯកឧត្តមបានថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា នៅសាលប្រជុំសាលាខេត្តកំពង់ធំ ។
ឯកឧត្តមអភិបាល បន្ថែមទៀតថា សហគមន៍កសិកម្ម ត្រូវតែខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីសម្រេចឲ្យបាននូវផែនការអាជីវកម្មរបស់ខ្លួន អោយរឹងមាំប្រកបដោយតម្លាភាព គណនេយ្យភាព មានសាមគ្គីគ្នាល្អ និងមានការចូលរួមពីសមាជិកទាំងអស់ ស្របតាមច្បាប់ស្តីពីសហគមន៍កសិកម្ម ក្នុងការជួយលើកកម្ពស់ជីវភាពសមាជិករបស់ខ្លួន ឲ្យមានភាពប្រសើរឡើង ជាពិសេស ជួយកាត់បន្ថយនូវភាពក្រីក្រ និង រួមចំណែកលើកមុខលើកមាត់សម្រាប់ ខេត្តយើង តាមរយៈការចូលរួមប្រកួតប្រជែងសហគមន៍ឆ្នើមនៅថ្នាក់ជាតិទៀតផង។ ម្យ៉ាងវិញទៀត សិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍កសិកម្មទាំងអស់ក្នុងខេត្ត បានស្វែងយល់អំពីតួនាទី និងកាតព្វកិច្ច របស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងយល់អំពីកាតព្វកិច្ចរបស់ខ្លួនជាសមាជិករបស់ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ។
ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ដែលមានការសហប្រតិបត្តិការល្អជាមួយដៃគូរអង្គការ គម្រោង និងកម្មវិធី អភិវឌ្ឍន៍នានាក្នុងការបង្កើតបានសហគមន៍កសិកម្មចំនួន ៧៣ សហគមន៍ ដែលបច្ចុប្បន្នកំពុងបានដំណើរការ។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឡើងធ្វើរបាយការណ៍សង្ខេបអំពីការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំ របស់ប្រជាកសិករនៅក្នុងខេត្តកំពង់ធំ ក្នុងនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចុះបញ្ជីទទួលស្គាល់សហគមន៍កសិកម្ម ចំនួន ៧៣សហគមន៍ផងដែរ។