អភិបាលខេត្តកំពង់ចាម បើកការដ្ឋានសាងសង់គម្រោងប្រព័ន្ធផ្លូវ និងសួនច្បារ នៅមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់

0

កំពង់ចាម: គម្រោងប្រព័ន្ធផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ចំណាយថវិកាប្រមាណជាង ១៨ម៉ឺនដុល្លារអាមេរិក ក្រោមជំនួយ របស់សមគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោម វត្តមាន ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ឆ្លៀត ក្នុង ឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បាន ថ្លែង កោតសសើរ ចំពោះ សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយដល់ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ជាពិសេស ការជួយដល់ប្រជាពលរដ្ឋយើង នូវសំណង់ដែលបំរើដល់វិស័យសុខាភិបាល នៅក្នុងស្រុកស្ទឹងត្រង់ ស្របពេលដែលរាជរដ្ឋាភិបាល បានធ្វើការអភិវឌ្ឍ កសាង ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលជាសសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់បំផុត ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋក្នុងតំបន់ផង និងការផ្សាភ្ជាប់នូវប៉ូលសេដ្ឋកិច្ច កសិ ទេសចរណ៍ រវាងស្រុកស្ទឹងត្រង់ ទៅក្នុងតំបន់ភូមិភាគឥសាន្ត ផងដែរ ។
ជាមួយ គ្នានោះ ឯកឧត្តមអភិបាលខេត្ត បាន ថ្លែង បន្ត ថា តាម រយៈ ការ កសាង និងការលើកកម្ពស់សោភ័ណ្ឌភាព មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ នេះ ឡើង ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅ ដោយមិនមានភាពភ័យខ្លាច ពីជម្ងឺដង្កាត់ផ្សេងៗ ស្របទៅនឹងការខិតខំប្រឹងប្រែង ក៏ ដូចជា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។ ដូច្នេះយើងទាំងអស់គ្នា មិនអាចនៅស្ងៀមបានទេ ពោលគឺ ត្រូវតែរួមគ្នាធ្វើការអភិវឌ្ឍ និងការបង្កើតនូវអ្វីដែលជាសមិទ្ធផល ជាសម្បទា នៃការលើកកម្ពស់សុខមាលភាពសង្គម ។ យ៉ាងណាម៉ិញ សមិទ្ធផលថ្ងៃនេះ ត្រូវចំណាយថវិកា ប្រមាណជាង ១៨ម៉ឺនដុល្លារអាមេរិក គឺជាសមិទ្ធផល កកើតឡើង ដោយសារការខិតខំប្រឹងប្រែងរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជម្រុញធ្វើឲ្យកន្លែង ផ្ដល់សេវាសុខាភិបាលមួយនេះ មានបរិយាកាសល្អ មានអនាម័យ និងផ្ដល់នូវទំនុកចិត្តខ្ពស់ លើគុណភាព នៃការផ្ដល់សេវា របស់ក្រុមគ្រូពេទ្យ ទៅដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់ ផងដែរ ៕