បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកវគ្គហ្វឹកហ្វឺនបំប៉នក្បាច់គុនកងយោធពលខេមរភូមិន្ទ

0

ខេត្តកំពង់ធំ ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកវគ្គហ្វឹកហ្វឺនបំប៉នក្បាច់គុនកងយោធពលខេមរភូមិន្ទ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ពីធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើនៅទីតាំងវរសេនាតូចលេខ១ នៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានកងកម្លាំងពិសេសចំនួន១០០នាក់ នឹងយោធាចារ្យ សិក្ខាកាមនិងកងកម្លាំងចូលរួមសរុបក្នុងពិធី ២៥៥នាក់ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញាឆ្នាំ ២០២០។  

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានគណៈគ្រប់គ្រងវគ្គហ្វឹកហ្វឺនបានបញ្ជាក់ពីរយៈពេលនៃការហ្វឹកហ្វឺន និងការគ្រប់គ្រងវគ្គបំប៉នក្បាច់គុនកងយុទ្ធពលខេមរភូមិន្ទ រួចមកឧត្តមសេនីយ៍ទោសោម ស៊ុន មានប្រសាសន៍ថា ប្រវត្តិក្បាច់គុនកងយោធពលខេមរភូមិន្ទ ជារបស់ដូនតាយើងជំនាន់មុនដែលមានជាយូរលង់ណាស់មកហើយ ហើយក្បាច់គុននេះត្រូវបានសម្ដេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចដាក់បញ្ចូលក្នុងកម្មវិធីហ្វឹកហ្វឺនរបស់កងយុទ្ធពលខេមរៈភូមិន្ទ។

ក្បាច់គុនមានសារសំខាន់ណាស់អាចប្រើប្រាស់ក្នុងការការពារខ្លួន វាយទៅលើបច្ចាមិត្តដោយដៃទេ ឬមានអាវុធទៅតាមកាលៈទេសៈជាក់ស្ដែង នៅបណ្ដាប្រទេសទេសមួយចំនួនក៏មានប្រើក្បាច់គុន ក្នុងការទប់ទល់ការពារព្រំដែន ការហ្វឹកហ្វឺនក្បាច់គុននេះបានបង្កើតឲ្យយើងមានសុខភាពល្អ និងជាមិត្តភាពថែមទៀតផង។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំនូមពរសិក្ខាកាម ត្រូវខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ឲ្យបានស្ទាត់ជំនាញ ដើម្បី អាចយកក្បាច់គុននេះ មកប្រើប្រាស់តាមបទបញ្ជាជាក់ស្ដែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាកងយោធពលខេមរភូមិន្ទ ក្នុងការបង្ក្រាបសកម្មភាពបះបោរផ្សេងៗខុសច្បាប់  ក្នុងគោលបំណងប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។

តំណាងឲ្យសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនបំប៉នក្បាច់គុនកងយោធពលខេមរភូមិន្ទ បានប្ដេជ្ញាចិត្តរៀនសូត្រឲ្យទទួលបានជោគជ័យ នៅក្នុងកម្មវិធីនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺន មានថវិកាចំនួន ២.០០០.០០០រៀល អង្ករចំនួន២៥០គីឡូក្រាម មីចំនួន១០កេស ទឹកបរិសុទ្ធចំនួន២០ពីដុងធំ គ្រឿងបរិក្ខាពេទ្យ  សម្រាប់ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត។ ប៊ុន រដ្ឋា