ឧត្តមសេនីយ៍ទោសោម ស៊ុន បន្តចែកសម្ភារៈបរិក្ខារពេទ្យ ការពារមេរោគកូវីដ១៩ ជូនលោកគ្រូអ្នកគ្រូនៅតាមសាលារៀនចំនួន០៨ និងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋទីទ័លក្រ០៥ គ្រួសារ

0

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តសកម្មភាពមនុស្សធម៌ យ៉ាងសកម្មដូចភ្លៀងរលឹម ក្នុងការបន្តចែកសម្ភារៈបរិក្ខារពេទ្យសម្រាប់ការការពារទប់ស្កាត់ការឆ្លងរីករាលដាលពីជម្ងឺកូវីដ-១៩ ជូនដល់លោកគ្រូ អ្នកគ្រូទាំង០៨សាលា និងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋទីទ័លក្រ០៥ គ្រួសារ ពីធីនេះ បានធ្វើនៅក្នុងភូមិពោធិ៍រោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០។

សម្ភារៈបរិក្ខារពេទ្យដែលត្រូវផ្តល់ជូនលោកគ្រូ អ្នកគ្រូ មកពីសាលារៀនចំនួន០៨ ដោយក្នុងមួយសាលារៀនទទួលបាន រួមមាន ម៉ាសចំនួន៣០០ម៉ាស .ជែលនិងទឹកអាកុល១០លីត្រ រីឯប្រជាពលរដ្ឋ ទាំង៥គ្រួសារមកពី ភូមិឈើទាល  ភូមិគោក ភូមិសណ្តែក  និងភូមិស្លាករ បានទទួលអំណោយពី ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បន្តផ្តល់ជូនដល់ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋកំពុងជួបការលំបាក ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គ.ក្រ ,មី០១កេស ,ទឹកត្រីទឹកស៊ីអ៉ីវ០២ យួរ និងថវិកាមួយចំនួន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ជាមួយរដ្ឋាភិបាល ក៏ដូចជាការជួយដោះស្រាយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋលំបាកខ្វះខាត នៅគ្រប់មជ្ឈដ្ឋាន ទូទាំងខេត្តកំពង់ធំ និងជួយឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យដែលត្រូវផ្តល់ជូនលោកគ្រូ អ្នកគ្រូនៅតាមសាលារៀន គឺត្រូវបានឆ្លៀតពេលក្រោយពី បញ្ចប់ការងារស្នូលរបស់អង្គភាព ចុះជួបប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារអតីតយុទ្ធជន ដោយមិនគិតពី ថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកនោះឡើយ ដោយគិតថា ប្រជាពលរដ្ឋបានសុខ យើងក៏បានសុខ ប្រជាពលរដ្ឋ មានទុក្ឋលំបាក យើងក៏មិនអាចអោបដៃមើលនៃការស្រេចឃ្លានរបស់គាត់ឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅពិនិត្យឈ្មោះបោះឆ្នោត និងនាំកូនគ្រប់អាយុ១៨ ទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចំពោះលោកគ្រូ អ្នកគ្រូ ត្រូវចូលរួមថែរក្សា សុខភាព អនាម័យ ដល់ខ្លួនឯង និងសិស្សានុសិស្ស ដើម្បីជៀសឆ្ងាយពីជម្ងឺកូវីដ-១៩ ដែលបច្ចុប្បន្នកំពុងរីករាលដាលនៅទូទាំងពិភពលោក ។ដោយ ប៊ុន រដ្ឋា