អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការងារបង្កបង្កើនផល និងផលប៉ះពាល់លើ ដំណាំ ស្រូវពង្រោះ នៅឃុំតាំងក្រសាំង ស្រុកបាធាយ

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះ បានដឹកនាំមន្ត្រីជំនាញមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផល ជាលើកទី២ និងផលប៉ះពាល់ស្រូវពង្រោះ របស់បងប្អូនប្រជាកសិករ នៅតំបន់មេទឹកពោធិតាត្រេស ភូមិក្រដាស (ក) នៃឃុំតាំងក្រសាំង ស្រុកបាធាយ ។

បេីតាមសេចក្ដីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋាន ឲ្យដឹងថា ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ការងារ បង្កបង្កើនផលស្រូវលើកទី២ របស់ប្រជាពលរដ្ឋ នៅតំបន់មេទឹកពោធិតាត្រេស ប្រមាណជា ២៨០ហិកតា លើផ្ទៃដី ២៦៩,៥ហិចតា ។
គួរកត់សម្គាល់ដែរថា កាលពីដើមឡើយ តំបន់មេទឹកពោធិតាត្រេសនេះ គឺជាអាងស្តុកទឹក ដ៏ធំមួយ សម្រាប់ប្រជាកសិករប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវប្រាំង ។ មុនពេលមានភ្លៀងធ្លាក់ជោគជាំ នាប៉ុន្មានថ្ងៃកន្លងទៅនេះ បងប្អូនប្រជាកសិករ នៅក្នុងតំបន់ខាងលើ បានពង្រោះស្រូវប្រាំង ក្នុងជំហានទី២ រួចមកហើយ ប៉ុន្តែ ជាអកុសល ក៏មានភ្លៀងធ្លាក់មកផ្ទួនៗគ្នា ទើបបណ្ដាលឲ្យស្រូវពង្រោះរបស់ពួកគេ បានរងការជនលិច ដោយជំនន់ទឹកភ្លៀង តែម្ដង ។
ដោយឡែក ស្ថិតនៅក្នុងឱកាសចុះពិនិត្យ លើស្ថានភាពជាក់ស្ដែង នេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំ ដល់មន្ទីរជំនាញ សហការជាមួយ អាជ្ញាធរមូលដ្ឋាន ចុះសិក្សា និងវាយតម្លៃលើទំហំ នៃការខូចខាតស្រែស្រូវ របស់បងប្អូនប្រជាកសិករយើង ឲ្យបានឆាប់រហ័ស ដើម្បី យើងធ្វើការស្ដារឡើងវិញ បន្ទាប់ពីទឹកសម្រកចុះទៅវិញ ។
បើតាមរបាយការណ៍ ស្ដីពីផលប៉ះពាល់ នៃជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ នៃខេត្តកំពង់ចាម របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញថា នៅទូទាំងខេត្តកំពង់ចាម បានទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាក្រុង ស្រុក មួយចំនួន ហើយបានធ្វើឲ្យប៉ះពាល់ដំណាំស្រូវវស្សាចំនួន ៧៨៣ហ.ត នៅក្នុងស្រុកចំនួន២ គឺ ៖ ស្រុកជើងព្រៃ និងស្រុកស្ទឹងត្រង់ ។ ក្រៅពីនោះ ជំនន់ទឹកភ្លៀង ក៏បានធ្វើឲ្យប៉ះពាល់ និងខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធ អស់មួយចំនួន ផងដែរ ៕