នារីរងគ្រោះ សុំអោយតុលាការ ពន្លឿនការដោះស្រាយ លើសំណុំរឿង ឆបោក របស់នាង

0

ខេត្តបាត់ដំបង ៖ ស្ត្រីរងគ្រោះម្នាក់ ដែលអតីតជា នារីខារ៉ាអូខេ ត្រូវបានស្វាមីអត់ខាន់ស្លា
ឃុបឃិតគ្នាជាមួយអ្នកមានលុយ យកប្លង់ដីរបស់នាងយកទៅលក់ ក្រោមលេសថា ដាក់បញ្ចាំដោយមិនអស់ការប្រាក់ ដើម្បីយកមកសាងសង់ផ្ទះបង្ហើយ ដោយសារតែនាងជាមនុស្សល្ងង់
មិនយល់អំពីផ្លូវច្បាប់ផង និងជាមនុស្សអវិជ្ជាផង ។

ស្ត្រីរងគ្រោះមានឈ្មោះ សួន ស្រីនាត អាយុ ៣៥ ឆ្នាំ រស់នៅភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដីលំនៅឋាននេះ នាងបានសន្សំលុយទិញពីលោក ប៉ុល ប៊ុណ្ណារ៉ា និង អ្នកស្រី អ៊ុំ ផល្លារី កាលពីអំឡុង ឆ្នាំ២០១៤ ក្នុងតម្លៃ ២២ ០០០ ដុល្លារ ព្រមទាំងបានសាងសង់ផ្ទះអស់ប្រាក់ជាង ៤ មុឺនដុល្លារបន្ថែមទៀត ដោយមិនទាន់រួចជាស្ថាពរនៅឡើយ ។

ស្ត្រីរងគ្រោះបាននិយាយប្រាប់ សារព័ត៌មាន កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២០ នេះថា កាលណោះនាងជាស្រីបម្រើនៅក្នុងខារ៉ាអូខេមួយកន្លែង ហើយក៏ត្រូវបានបុរសម្នាក់មកសុំស្រលាញ់ ព្រមទាំងបានរួមរស់នៅជាមួយគ្នារហូតមានកូនស្រីមួយ ជាចំណងដៃ ដោយបុរសរូបនោះមានឈ្មោះ ឈឹម ខាន់ អាយុ ៦៨ ឆ្នាំ រស់នៅភូមិ លោកតាស័ក្តិ ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយគេនោះមានប្រពន្ធរួចទៅហើយ ។

នាងបានបន្តថា បន្ទាប់ពីមានការខ្វះខាតប្រាក់ដើម្បីបន្តការសាងសង់ផ្ទះ នាងក៏បានយកប្លង់ដី
របស់នាង យកទៅដាក់នៅគ្រឺះស្ថាន ហត្ថាកសិករ ក្នុងតម្លៃ ១៧ ០០០ ដុល្លារ ប៉ុន្តែក្រោយមកដោយសារតែដីមានហាងឆេង ស្រាប់តែប្តីរបស់នាងបានមកលួងលោមថា គេមានស្គល់
អ្នកនៅភ្នំពេញ ដោយដាក់មិនគិតការប្រាក់ទេ ហើយអាចដាក់បានរហូតដល់ ១០ មុឺនដុល្លារ ។

មិនយូរប៉ុន្មានគាត់ក៏នាំឈ្មោះ វិន មួយ ភេទស្រី អាយុ ៦៣ ឆ្នាំ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មកនិយាយចរចារគ្នា ដោយព្រមអោយស្វាមីកាន់លុយនាំនាងទៅលោះយកប្លង់ពីហត្ថាកសិករមកវិញ ព្រមទាំងបានឡើងទៅភ្នំពេញ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៥ ដោយប្តីរបស់នាងប្រាប់ថា ទៅធ្វើកិច្ចសន្យាបញ្ចាំប្លង់ រួចហើយស្អែកឡើងគេក៏នាំនាងមកបាត់ដំបងវិញ ដោយចូលទៅកាន់ មន្ទីរសុរិយោដី ខេត្ត ដោយគាត់បានប្រាប់ថា ទៅផ្តិតមេដៃលើលិខិតផ្ទេរកម្មសិទ្ធិបណ្តោះអាសន្ន ដោយសារតែនាងមិនចេះអក្សរ ក៏ចេះតែផ្តិតតាម ទោះបីជានាងសុំអោយលោកប្រធានសុរិយោដី អានអោយស្តាប់ក៏គេមិនព្រមអានខ្លឹមសារអោយស្តាប់ដែរ។ នៅទីបំផុតទើបនាងដឹងថា ប្លង់ដីរបស់នាងដែលមានក្បាលដីលេខ ០២០៣០៣០៤-០៣៨៣
ត្រូវបានប្តីរបស់នាងដាក់បញ្ចាំទៅអោយឈ្មោះ វិន មួយ ក្នុងតម្លៃ ៤ មុឺន ដុល្លារ ទៅហើយ ទើបនាងឆាប់រកមេធាវី និងបានដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីទប់ស្កាត់នូវការឃុបឃិតគ្នាលក់ដីរបស់នាង ។

រហូតមកទល់និងពេលនេះ គឺមានរយៈពេល ៥ ឆ្នាំហើយ ដែលលោកចៅក្រមមិនទាន់បានចាត់ការក្នុងរឿងនេះអោយចេញជាផ្លែផ្កា ព្រោះកាលពីមុនសំណុំរឿងនេះត្រូវបានលោកចៅក្រម ធ្ធាំ ប៊ុណ្ណា ជាអ្នកកាន់ ប៉ុន្តែក្រោយពេលផ្លាស់ប្តូរ ត្រូវបានធ្លាក់ទៅលើលោកចៅក្រម ឃី ឆៃ វិញម្តង ដោយគោលបំណងរបស់នាង ប្តឹងសុំអោយតុលាការ ចេញសាលក្រមសម្រេច សុំមោឃភាពលិខិតលក់ផ្តាច់ ចុះថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៥ សុំចុងចម្លើយប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខៈ ០២០៣០៣០៤-០៣៨៣ ចុះថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១២ មកវិញ និងសុំសងប្រាក់ ១៧ ០០០ ដុល្លារ ។ សោ និយមរ័ត្ន