គ្រួសារពិការស្លាប់មួយកំណាត់ខ្លួន ទទួលអំណោយផ្ទះមនុស្សធម៌ពីកាកបាទក្រហម

0

សៀមរាប៖ លោកជំទាវ ទាងអេង-ទៀសីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ និងប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តសៀមរាប រួមទាំងសប្បុរសជនផងដែរ ចុះទៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ ដើម្បីប្រគល់ផ្ទះមនុស្សធម៌ទី៧៥ ដល់គ្រួសារជនពិការ ដែលបុរសជាប្តីនិងជាឪពុក ស្លាប់មួយកំណាត់ខ្លួន ដោយគ្រោះថ្នាក់ដើមឈើរលំសង្កត់លើ កាលពី៣ឆ្នាំមុន និងបានជួបសំណេះសំណាល ផ្តល់អំណោយជូនដល់ជនចាស់ជរាគ្មានទីពឹង និងគ្រួសារងាយរងគ្រោះចំនួន២០គ្រួសារផងដែរ។
លោកជំទាវប្រធានប្រតិភូ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសង្កត់ធ្ងន់ថា៖ ទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ គឺជាក្តីកង្វល់របស់កាកបាទក្រហមកម្ពុជា ដូច្នេះហើយទើបនៅទីណាដែលប្រជាពលរដ្ឋជួបភ័យវិបត្តិ គ្រប់ទីកន្លែងទាំងនោះ ត្រូវតែមានវត្តមានកាកបាទក្រហមកម្ពុជា តាមរយៈនៃចលនាបណ្តាញបេសកកម្មមនុស្សធម៌មួយនេះ ចាប់ពីថ្នាក់កណ្តាលរហូតដល់ថ្នាក់សហគមន៍នៅមូលដ្ឋាន។
លោកជំទាវ តាំងហ្គិចលៀង-អ៊ឹងលីហេង ដែលជាម្ចាស់អំណោយផ្ទះមនុ្សធម៌ទី៧៥ មានចំណាប់អារម្មណ៍ថា៖ ពិតរំភើបខ្លាំងណាស់ ដែលការបរិច្ចាគនេះ បង្កើតបាននូវភាពកក់ក្តៅមួយចំណែក សម្រាប់គ្រួសារមួយដែលកំពុងប្រឈមនឹងភាពរងគ្រោះ។ សម្រាប់ការព្យបាលផ្លូវចិត្តចំពោះបុរសពិការជាស្វាមី លោកជំទាវបានបង្ហាញថា ភាពរងគ្រោះជាជនពិការវាហាក់ដូចជាជីវិតមួយដែលត្រូវបាត់បង់អ្វីៗទាំងអស់ ក៏ប៉ុន្តែមិនត្រូវគិតរំលងបានទេ គឺវត្តមានភរិយាជាទ្រព្យដ៏សំខាន់ ជាស្រ្តីដ៏រឹងពឹងហ៊ានពុះពារប្រឈមនឹងការលំបាកគ្រប់បែបយ៉ាង ដែលមិនត្រឹមដើរតួនាទីជំនួសស្វាមី តែនៅមើលថែស្វាមី និងតស៊ូបញ្ជូនកូនទាំង៣នាក់ក្នុងបន្ទុក បានរៀសសូត្រទៀតផង។
ស្រ្តីជាភរិយាជនពិការ ឈ្មោះ ឡិញ ផា អាយុ២៧ឆ្នាំ ប្តីឈ្មោះ សេ ចន អាយុ៣១ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក ( ប្រុស២ ស្រី១ )។ កាលមិនទាន់ថ្លាក់ខ្ឡនពិការ បុរសជាប្តីមានមុខរបរជាអ្នកកាប់អុស ជាអកុសលត្រូវដើមឈើរលំសង្កត់លើកាលពី៣ឆ្នាំមុន។ ដើម្បីព្យាបាលប្តី ស្ត្រីជាប្រពន្ធបានសម្រេចចិត្តលក់ដី លក់ផ្ទះ ហើយទីបំផុតបុរសជាប្តីបានត្រឹមតែរួចផុតពីសេចក្តីស្លាប់ តែត្រូវក្លាយខ្លួនជាជនពិការស្លាប់មួយកំណាត់ខ្លួនដល់សព្វថ្ងៃ។ បច្ចប្បន្ននេះ គ្រួសារជនពិការមួយនេះ រស់នៅលើដីរបស់បងដែលផ្តល់ឲ្យស្នាក់អាស្រ័យ ជីវភាពគ្រួសារដែលរ៉ាប់រងដោយស្រ្តីជាភរិយា សង្ឃឹមទៅលើការងារស៊ីឈ្នួលដកដំឡូង ច្រូតស្រូវជាដើម ក្រៅពីនោះមានពេលខ្លះត្រូវបានទៅបំរើការងារ ជាបុគ្គលិកអនាម័យនៅមណ្ឌលសុខភាព
ការប្រគល់ផ្ទះមនុស្សធម៌នេះ ត្រូវបានបន្ថែមដោយអំណាយជាស្បៀងអាហារ សម្ភារប្រើប្រាស់មួយចំនួន និងថវិកា ២លាន ៦សែនរៀល៕