ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នាំយកស្រូវពូជ១៥០តោន ជាអំណោយរបស់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយ ជំនន់ ទឹក ភ្លៀង ក្នុង ខេត្ត ត្បូងឃ្មុំ

0

ត្បូងឃ្មុំ: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃ ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បាន នាំយក ស្រូវ ពូជ ប្រមាណ ជា ១៥០តោន ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន២៧៦២គ្រួសារ ក្នុងនោះស្រុកក្រូចឆ្មារ មានចំនួន១១៩១គ្រួសារ និងស្រុកត្បូងឃ្មុំ មានចំនួន១៥៧១គ្រួសារ បន្ទាប់ពី រងផលប៉ះពាល់ និងខូចខាតស្រូវ ក្នុងគ្រាជំនន់ទឹកភ្លៀង ដោយក្នុង១គ្រួសារទទួលបានស្រូវពូជ១បេ ស្មើនឹង៥០គីឡូក្រាម។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ ឯកឧត្កមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យដឹងថា ពូជស្រូវ OM ៥១ / ៥៤ ទាំងអស់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាការយកចិត្តទុកដាក់បំផុត ពោលគឺទីណាមានទុក្ខលំបាកទីនោះមានសម្តេចទាំងទ្វេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្តេចទាំងទ្វេ បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខ ជាមួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ នៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តត្បូងឃ្មុំ ហើយសម្តេចក៏បានជូនពរ ឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារឲ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ និងបានលើកទឹកចិត្ត ជំរុញឲ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រីឡើងវិញបន្ទាប់ពីទឹកស្រកចុះផងដែ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺកូវីដ១៩ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់។ ព្រមទាំង បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានដាច់ខាត ត្រូវបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ បទល្មើសនានា ពិសេសបញ្ហាគ្រឿងញៀនឲ្យខាងតែបាន ព្រោះវាជាប្រភពបំផ្លាញនូវធនធានមនុស្សយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាត្រូវបន្តក្តាប់អោយជាប់នូវបញ្ហា ធ្វើការដោះស្រាយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តល់ជូនសេវាសាធារណៈ ឲ្យ បានលឿន និងមានប្រសិទ្ធភាពខ្ពស់ផងដែរ ៕