មេព្រៃនិងអាវុធហត្ថខេត្តព្រះវិហារចុះបង្រ្កាបកន្លែងកែច្នៃឈើខុសច្បាប់របស់ជនជាតិវៀតណាម

0

ខេត្តព្រះវិហារ៖ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០ បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើ ជាំក្សាន្ត និងកងរាជអាវុធហត្ថខេត្តចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ ជនជាតិ វៀតណាម ចំនួន២កន្លែង និងរកឃើញឈើប្រណិត ជាច្រើនដុំ ដែលបង្រាយ តាមព្រៃក្បែរផ្ទះ ទីតាំងដែលជំនាញបង្រាបនេះ ស្ថិតភូមិ ចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ បានឲ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ច ចម្រុះចុះទៅដល់ទីតាំងសិប្បកម្ម ខាងលើ ជនល្មើសដែល ជាជនជាតិ វៀតណាម បានរត់គេចខ្លួនអស់ បន្សល់ទុកតែវត្ថុតាង កែច្នៃឈើ និងឈើប្រណីតជាច្រើនកំណាត់តែប៉ុណ្ណោះ។
លោកថា មកដល់ម៉ោងនេះ សមត្ថកិច្ចចម្រុះ កំពុងប្រមូលយកវត្ថុតាង បទល្មើសព្រៃឈើ ទាំងអស់ យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ ជាំក្សាន្តដើម្បីវាស់វែងនឹងចាត់ការតាមនិតិវិធីច្បាប់ ៕