អាជ្ញាធរខេត្តសៀមរាប ផ្ដល់ម៉ាស់ចំនួន៣០ម៉ឺន ជូនដល់អង្គភាពចំនួន០៣ក្នុងខេត្តសៀមរាប ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

0

ខេត្តសៀមរាប៖ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្ដល់ម៉ាស់ចំនួន៣០ម៉ឺន ជូនដល់អង្គភាពចំនួន០៣ក្នុងខេត្ត រួមមាន ៖ ១. សាខាកាកបាទក្រហមកម្ពុជាខេត្ត ចំនួន១០ម៉ឺនម៉ាស់ , ២. សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចំនួន១០ម៉ឺនម៉ាស់ និង ៣. មន្ទីរសុខាភិបាលខេត្ត ចំនួន១០ម៉ឺនម៉ាស់ ព្រមទាំងបានបន្ថែមជែលចំនួន២០០កេះទៀត ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានបញ្ជាក់ថា ការផ្ដល់ម៉ាស់ចំនួន៣០ម៉ឺន ជូនដល់អង្គភាពចំនួន០៣ក្នុងខេត្តនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រក្នុងខេត្ត ។

លោក ពិន ប្រាកដ មានប្រសាសន៍បន្ថែមថា បន្ទាប់ពីទទួលបានម៉ាសនេះមក ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានធ្វើការចាត់ចែងទៅគ្រប់ស្ថាប័នទាំងអស់ក្នុងខេត្តសៀមរាប ជាពិសេសបានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមផ្សារ និងនៅតាមទីសាធារណៈទាំងអស់ក្នុងខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

គួររំលឹកថា ដើម្បីចូលរួមយុទ្ធនាការការពារ បង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ និង ក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកា ចំនួន៨០លានរៀល និង ម៉ាស់ចំនួន ១លានម៉ាស់ ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ នៅក្នុងភូមិសាស្ត្រក្រុង-ស្រុក នៃខេត្តសៀមរាប ។

សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំធ្វើការចែកម៉ាសចំនួន៣០ម៉ឺនម៉ាស , ជែលលាងដៃចំនួន ១៥០កេស និងមុងជ្រលក់ថ្នាំចំនួន៣ពាន់មុង ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១២ ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ។

ហើយនៅរសៀលថ្ងៃទី០២ នោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះចែកម៉ាសជូនដល់អាជីករនៅផ្សារចាស់ចំនួន ៩.០០០ម៉ាស និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះចែកម៉ាសជូនដល់អាជីករនៅក្នុងផ្សារលើធំថ្មី ចំនួន ៩.០០០ម៉ាស ព្រមទាំងបានចែកម៉ាសជូនដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវក្នុងក្រុងសៀមរាបទៀត ដើម្បីបំផុសចលនានៃការពាក់ម៉ាសគ្រប់ៗគ្នា ការលាងដៃដោយសាប៊ូ អាកុល និង ជែល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ៕

ប្រភពមន្ទីរព័ត៌មានខេត្តសៀមរាប