អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការងារយ៉ា ងច្រើនដើម្បីប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សនៅកម្ពុជា បើទោះបីកម្ពុជាកំពុងជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ-19 និងគ្រោះទឹកជំនន់យ៉ាងណាក៍ដោយ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានលើកឡើងថាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានធ្វើការងារយ៉ាងច្រើនដើម្បីប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សនៅកម្ពុជា បើទោះបីជាកម្ពុជាកំពុងជួបទៅនឹងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់យ៉ាងណាក៏ដោយ។

លោកជំទាវ បានលើកឡើងយ៉ាងដូចនេះ ក្នុងពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពី”វឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សការប្រឈមនិងដំណោះស្រាយ” ជាមួយប្រតិភូស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលដឹកនាំដោយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី តំណាងមកពីក្រសួង-ស្ថាប័ននានា មានដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងយុត្តិធម៌ ក្រួសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ អគ្គស្នងការរដ្ឋាននគរបាលជាតិជាច្រើនរូប។

លោកជំទាវ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមការងារនៅក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ដែលជាក្រុមការងារអន្តរក្រសួងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានខិតខំទាំងអស់គ្នាក្នុងការឆ្លើយតបអំពើជួយដូរមនុស្ស ហើយលទ្ធផលដែលយើងបានខិតខំប្រឹងប្រែងគឺមានការល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

លោកជំទាវ បន្ថែមទៀតថា ក្រុមការងារគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានធ្វើការងារយ៉ាងច្រើនក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២០កន្លងទៅ ដូចជា ក្រសួងអប់រំបានបង្កើតជាសៀវភៅមេរៀនថ្នាក់បឋមសិក្សា និងមធ្យមសិក្សាសម្រាប់ការបណ្តុះបណ្តាលដល់សិស្សអំពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ចំណែកក្រសួងសុខាភិបាលបានរៀបចំគោលនយោបាយពាក់ព័ន្ធទៅនឹងសុខភាពរបស់ជនទេសន្តរប្រវេសន៍ ទន្ទឹមនឹងនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានខិតខំបង្កើតកន្លែងការងារសម្រាប់ពលករវិលត្រឡប់រហូតដល់ជាង២ម៉ឺនកន្លែងផងដែរ។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក៏បានធ្វើការជាមួយ អង្គការសហប្រជាជាតិក្នុងការបង្កើតការងារដល់ពលករដែលវិលត្រឡប់ អាចមានជំនាញក្នុងការដាំដុះដំណាំ ហើយអាចរស់នៅដោយសប្បាយរីករាយ ហើយសកម្មភាពដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានធ្វើក្នុងឆ្នាំ២០២០មានលទ្ធផលល្អច្រើន៕