ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ថ្លែងថា ដើម្បីចូលរួមផែនការយុទ្ធសាស្រ្ត លើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់បណ្តាអង្គភាពចំណុះកងពលធំអន្តរាគមន៍លេខ៣ ត្រូវខិតខំប្រឹងប្រែងបន្តការងារ បង្កបង្កើនផល ដាំដំណាំនិងចិញ្ចឹមសត្វ

0

ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងថា ដើម្បីចូលរួមផែនការយុទ្ធសាស្រ្ត លើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយការនាំចូលទំនិញ បន្លែ ត្រីសាច់ ដែលមានសារធាតុគីមី ចូលពីបរទេស។

នាយ និងពលទាហាន នៃបណ្តាអង្គភាពចំណុះ កងពលធំអន្តរាគមន៍លេខ៣ទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារកសាងអង្គភាព លេណដ្ឋានឲ្យបានរឹងមាំ និងបន្តលើការងារ បង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីធានាផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបប លើកស្ទួយជីវភាពកងទ័ព និងគ្រួសារដែលខ្វះខាត។

ប្រសាសន៍របស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក លើកឡើងមៅក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យការងារ និងសាកសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងបំពេញភារកិច្ចការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងបន្តថា សុខភាពពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះសូមបងប្អូនត្រូវខិតខំថែរក្សាសុខភាព ធ្វើអនាម័យឲ្យបានល្អ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។ បន្ថែមពីនេះត្រូវយកចិត្តទុកដាក់ ចាត់តាំងកម្លាំងចេញល្បាត ឲ្យបានជាប់ជាប្រចាំ តាមភូមិសាស្ត្រដែលអង្គភាពខ្លួនទទួលខុសត្រូវ និងទប់ស្កាត់រាល់បទល្មើសនានាដែលអាចកើតមានក្នុងភូមិសាស្រ្តរបស់ខ្លួនឈរជើង៕សួនលីណា