សម្ព័ន្ធ​​យុវជន​ស្រលាញ់​សន្តិភាព​សាខា​ខេត្តកំពង់ចាម​ បេីក​យុទ្ធនាការ​ ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ ដេីម្បី​ពញ្ញាក់​ស្មារតី​ ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន​ ការ​ឆ្លង​ជំងឺ​កូវីដ-​១៩

0

កំពង់ចាម​:​ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ នាព្រឹក​ថ្ងៃ​ទី​១៩​ ខែមិនា​ ឆ្នាំ​២០២១​នេះ​ សម្ព័ន្ធ​​យុវជន​ស្រលាញ់​សន្តិភាព​សាខា​​ខេត្តកំពង់ចាម​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ បាន​បេីក​យុទ្ធនាការ​​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ នៅ​​ផ្សារ​ព្រែក​ដេីម​ចាន់​ ផ្សារ​៧មករា​​ និង​ទីសាធារណៈ​​នានា​ ក្នុង​ក្រុង​កំពង់ចាម​ ដេីម្បី​ពញ្ញាក់​ស្មារតី​ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន​ ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ក្នុង​សហគមន៍​ ។

ដោយមានការ​​សម្របសម្រួល​ពី​លោក​ ​ឃន​ ប្រុស​ នាយក​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​ និង​ជា​ប្រធាន​ប្រតិបត្តិ​សាខា​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ តាម​រយៈ​​យុទ្ធនាការ​នេះ​ ក្រុម​ការងារ​​យុវជន​ស្រលាញ់​សន្តិភាព​ ក៏បាន​ធ្វេី​ការ​ផ្សព្វផ្សាយ​អំពី​សារ​អប់រំ​នានា​របស់​ក្រសួង​សុខាភិបាល​ ជាពិសេស​ការ​ចូលរួម​អនុវត្ត​តាម​កន្លង​ថ្មី​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ តាម​រយៈ​ ​៣​ការពារ​ ៣កុំ​ ដោយ​មាន​ការ​ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ​ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល​ និង​រក្សាគម្លាតសុវត្ថិភាពសង្គម​ ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ​។ ដោយ​កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល​ កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ​ និង​កុំប៉ះពាល់គ្នា​ ផងដែរ​ ។

គួរ​រំលឹក​​ថា​ បន្ទាប់​ពី​ទទួល​បានម៉ាស​ដែល​ជា​អំណោយ​របស់​សប្បុរសជននានា​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​ក៏បាន​ធ្វើ​កា​បែងចែក​ម៉ាស​​ទាំងនោះ​ទៅ​ឲ្យ​មន្ត្រី​តាម​អង្គភាព​នានា​ និង​ក្រុម​ការងារ​​យុវជន​ស្រលាញ់​សន្តិភាព​ ចំនួន​២៥០០ម៉ាស​ សម្រាប់​យក​ទៅ​ចែក​បន្ត​ជូន​ប្រជាពលរដ្ឋ​ នៅ​តាម​ផ្សារ​ និងតាម​ទីសាធារណៈ​​ ឬនៅ​តាម​តំបន់​ទីប្រជុំជន​នានា​ ដេីម្បី​ពញ្ញាក់​ស្មារតី​ រំលឹក​ដាស់តឿន​ ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ ឲ្យ​មាន​ការ​ពាក់​ម៉ាស់​ជា​ប្រចាំ​ ​កុំបី​មាន​ការ​ធ្វេសប្រហែស​ឡេីយ​ ព្រោះ​ជំងឺ​កូវីដ​-១៩​ មិន​ដឹងជា​មាន​នៅទីណា​ខ្លះ​ទេ​ ហើយ​វា​អាច​ឆ្លង​បាន​គ្រប់​ពេល​ ដូច្នេះ​យើង​ត្រូវ​ការពារ​ប្រសើរ​ជាង​ព្យាបាល​​ ៕