ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងបុកនិងម៉ូតូបានឆក់យកជីវិតបុរសម្នាក់ទាំងព្រឹកព្រលឹមតាមបណ្ដោយផ្លូវជាតិលេខ ៥នៅក្នុងស្រុកសាមគ្គីមានជ័យ

0

ខេត្តកំពង់ឆ្នាំង :– បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ៥ និង ៤៥ នាទី ព្រឹកថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២១លើកំណាត់ផ្លូវជាតិលេខ ៥ចន្លោះគីឡូម៉ែត្រលេខ ៤៤និង៤៥ ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ។

លោកវរសេនីយ៍ទោ សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យ បានប្រាប់តាមទូរស័ព្ទថា គ្រោះថ្នាក់ចរាចរណ៍ខាងលើគឺកើតឡើងរវាងរថយន្តក្រុងបុកជាមួយនឹងម៉ូតូក្នុងដំណើរច្រាស់ទិសគ្នា ។

លោកបានបន្តថាមុនពេលកើតហេតុមានរថយន្តក្រុងមួយគ្រឿងពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ3D.75 41 ក្នុងដំណើរជើង ទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ 5 លុះមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូតូចមួយគ្រឿងម៉ាកហុងដាសេ100 ពាក់ស្លាកលេខ ក.4149 ប.ខ 1 បើកបរដោយ បុរសឈ្មោះ សុខ យ៉ាន អាយុ 66 ឆ្នាំ មានទីលំនៅភូមិស្ដុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ក្នុងដំណើរច្រាស់ទិសគ្នា បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តក្រុងបង្កបានរត់គេចខ្លួនបាត់ ស្រមោល ចំណែកសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះធ្វើការវាស់វែង និងយករថយន្តព្រមទាំងម៉ូតូទៅរក្សាទុកនៅអធិការនគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ចំណែកសព ជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕សុខគឹមសៀន