រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយកាកបាទក្រហមខេត្ត និងស .ស.យ.កខេត្ត ចុះអប់រំផ្សព្វផ្សាយនិងចែកម៉ាសនៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជន ដើម្បីចូលរួមវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត បានដឹកនាំមន្ត្រីក្រោមឪវាទ ព្រមទាំងសហការជាមួយយុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហមខេត្ត ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារកូវីដ១៩ និងការពាក់ម៉ាស់ នៅភូមិសាស្ត្រសំខាន់ៗ ចំនួន ៣គឺ ផ្សារព្រំ រង្វង់មូលសាលាក្រៅ និង ផ្សារប៉ាងរលឹម ដែលមានការចូលរួមពីអាជ្ញាធរក្រុង ស្រុក ឃុំ ភូមិ ប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ កងកំលាំងមានសមត្ថកិច្ចទាំងបីប្រភេទផងដែរ។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ ឱ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ពិសេសក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋា ភិបាលកំពុងតែយកចិត្តទុក ដាក់ខ្ពស់លើការវិវឌ្ឍន៍នៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសលើចរាចរណ៍នៃវីរុសកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី ដែលអ្នកវិទ្យាសាស្រ្ត វេជ្ជសាស្ត្របានរកឃើញជាបណ្តើរៗ និងដែលបានលើកឡើងរួមគ្នា ជាមួយអង្គការសុខភាពពិភពលោកពីភាពឆ្លងសាហាវហើយលឿន និងធ្ងន់ធ្ងរជាងវីរុស កូវីដ-១៩ ដែលកំពុងរាតត្បាតបច្ចុប្បន្ននៅក្នុងប្រទេស ក្នុងតំបន់ និង នៅលើ សកលលោកផងដែរ។
ឯកឧត្តម បានបន្តទៀតថា៖ យើងមិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័សនិងភាពសាហាវធ្ងន់ធ្ងរបណ្តាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សយើងនោះឡើយ ខណៈដែលសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅក្នុងប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវទេនោះ។ បន្ថែមពីនេះទៀតត្រូវរួមគ្នាអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនជានិច្ច នូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្ន ផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបាននូវវិធានការ បីកុំ និង បីការពារ រួមជាមួយនឹងវ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្ការការពារកុំឱ្យសហគមន៍របស់យើង ឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះបាន។ ហើយជាមួយគ្នានោះរាជរដ្ឋាភិបាលក៏បានចេញច្បាប់ថ្មីធ្វើការផាកពិន័យជាសាច់ប្រាក់ចំពោះអ្នកធ្វើដំណើរចេញក្រៅមិនពាក់ម៉ាស់ទៀតផង ។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ប្រសិនបើមានអ្នកចំងាយមកពីក្រៅស្រុក ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍ មកអាជ្ញាធររបស់ខ្លួន ព្រមទាំងរៀបចំខ្លួនដាក់ដាច់ដោយឡែក ហើយប្រសិនបើមានការសង្ស័យថា មានជំងឺកូវីដ១៩ នេះត្រូវរាយការណ៍មកអាជ្ញាធរឬគ្រូពេទ្យដែលនៅជិត ដើម្បីពិនិត្យអោយបានទាន់ពេលវេលា។កន្លងមកនេះ អាជ្ញាធរក្រុងបានចុះធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះគ្រប់ភូមិនិងសង្កាត់ទាំងអស់ទូទាំងខេត្តប៉ៃលិន ។
ឯកឧត្តមអភិបាលរងខេត្តប៉ៃលិនក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ដើម្បីចៀសផុតពីជំងឺ កូវីដ១៩ ហើយបើចាំបាច់ មិនត្រូវចេញក្រៅផ្ទះនោះទេ និងត្រូវសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានល្អផងដែរ។
សូមបញ្ជាក់ជូនថាៈ រដ្ឋបាលខេត្តប៉ៃលិន បានចុះអប់រំផ្សព្វផ្សាយពីវិធានការការពារកូវីដ១៩ នៅតាមទីប្រជុំជនផ្សារនិងប្រជុំជនចំនួន ០៣ទីតាំង ក្នុងខេត្តប៉ៃលិន រួមមាន ៖
១.ចំណុចផ្លូវបំបែកផ្សារព្រំ
២.ចំណុចរង្វង់មូលសាលាក្រៅ
៣.ផ្លូវបំបែកផ្សារប៉ាងរលឹម ដែលដឹកនាំដោយអភិបាលរងខេត្ត លោកអភិបាលក្រុង អាជ្ញាធរឃុំសង្កាត់ ប៉ុស្តិ៍រដ្ឋបាល យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត ឃុំ និងកងកម្លាំងមានសមត្ថកិច្ចទាំង៣ប្រភេទផងដែរ ៕ដោយ សេង សុវណ្ណារិទ្ធ