រដ្ឋបាលស្រុកប្រាសាទបល្ល័ង្កជំរុញដល់អាជ្ញាធរមូលដ្ឋានធ្វើយុទ្ធនាការផ្សព្វផ្សាយ បំផុសពីការលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាលតាមភូមិប្រើប្រាស់បង្គន់អនាម័យ និងប្រើប្រាស់ទឹកស្អាត

0

កំពង់ធំ÷ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តកម្មវិធីគម្រោងពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាតនិងអនាម័យ ដែលរៀបចំដោយអាជ្ញាធររដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក និងសហការជាមួយអង្គការ វ័តធើសេដ និងអង្គការទស្សនៈពិភពលោកកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក សៀង ម៉ាប់ អភិបាលរងស្រុកប្រាសាទបល្ល័ង្ក លោកលោកស្រី និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ព្រមទាំងដៃគូអង្គការសហការ។

អភិបាលរងបានថ្លែងថា៖ ដើម្បីឱ្យសម្រេចនៅគោលដៅទាំងនេះ រដ្ឋបាលគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាន ត្រូវតែជំរុញ និងមានវិធានការក្នុងអនុវត្តឱ្យបាន នៅក្នុងឆ្នាំ២០២៥នេះ នូវគម្រោងធ្វើយុទ្ធនាការរបស់ខ្លួនឱ្យបាន ។ ពិសេសគឺចុះធ្វើនៅតាមភូមិ-ឃុំ របស់ដែនសមត្ថកិច្ចខ្លួនទទួលខុសត្រូវ ចុះផ្សព្វផ្សាយបានទូលំទូលាយ ដល់ខ្នងផ្ទះប្រជាពលរដ្ឋរបស់ខ្លួន ត្រូវចេះប្រើប្រាស់បង្គន់អនាម័យ និងប្រើប្រាស់ទឹកស្អាត អនាម័យក្នុងការរស់នៅ ដើម្បីចៀសវាងការឆ្លងនូវជំងឺតម្កាត់ផ្សេងៗ ដោយសារ តែការបន្ទោរបង់ពាសវាលពាស់កាលដោយគ្មានសណ្តាប់ធ្នាប់ និងគ្មានអនាម័យពាសវាលពាសកាល នោះទេ។  ម៉្យាងទៀតថ្នាក់ដឹកនាំ បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ត្រូវធ្វើយុទ្ធនាការផ្សព្វផ្សាយ និងបំផុសពីការលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាលតាមភូមិស្ថាន និងត្រូវចូលរួមក្នុងការប្រើប្រាស់បង្គន់អនាម័យ និងប្រើប្រាស់ទឹកស្អាត ក្នុងការរស់នៅប្រចាំថ្ងៃ។

សិក្ខាសាលាផ្សព្វផ្សាយសនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីជំរុញដល់អាជ្ញាជរពាក់ព័ន្ធជាពិសេសដល់មន្ត្រីអនុវត្តនឹងទទួលខុសត្រូវគម្រោងផែនការសកម្មភាពនេះដើម្បីជំរុញឲ្យកាន់តែសកម្មថែមទៀតត្រូវបំផុសធ្វើយុទ្ធនាការផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋខ្លួននិងនៅតាមខ្នងផ្ទះ ពីការលុបបំបាត់នូវការបន្ទោបង់ ពាស់វាលពាស់កាល តាមទីសាធារណៈ ក្នុងខណៈដែលការបន្ទោរបង់មិនបានត្រឹមត្រូវ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន នៅក្នុងស្រុកនៅតែបន្តកើតមាននោះ។

លោក សៀង ម៉ាប់ អភិបាលរង និងក្នុងនាមអាជ្ញាធរស្រុក បានផ្តល់ការណែនាំនិងបានជំរុញដល់អាជ្ញាធរពាក់ព័ន្ធនិងកំពុងអនុវត្តផែនការនេះ ត្រូវបង្កើនភាពសកម្មរបស់ខ្លួន ពេលចេញពីប្រជុំត្រឡប់ទៅកាន់មូលដ្ឋានវិញត្រូវរៀបចំផែនការចុះអនុវត្តផ្ទាល់ ត្រូវបោះបង់ពីរបៀបធ្វើការងារដែលកន្លងមកសង្កេតឃើញថា៖ ផែនការការងារដាក់ចេញក្នុងពេលប្រជុំ តែពេលត្រឡប់ទៅមូល ដ្ឋានខ្លួនវិញ មន្ត្រីអសកម្មមួយចំនួន មិនបានយកស្មារតីផែនការប្រជុំទៅអនុវត្តនិងធ្វើផែនការសកម្មភាព ចុះអនុវត្តនៅមូលដ្ឋានខ្លួនឲ្យបានត្រឹមត្រូវ និងសកម្មនោះទេ។

ថ្នាក់ដឹកនាំស្រុក ក៏បានក្រើនរំលឹកនិងជំរុញមន្រ្តីបង្គោល និងអាជ្ញាធរពាក់ព័ន្ធដែលចូលរួមនៅក្នុងសិក្ខាសាលានេះ ត្រូវបន្តយកចិត្តទុកដាក់ នេះតាមបណ្ដាឃុំ  គ្រោងនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយលុបបំបាត់ពីការបន្ទោបង់ពាស់វាលពាស់កាល ដល់ពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ ងាកមកប្រើប្រាស់បង្គន់អនាម័យឱ្យបានគ្រប់ផ្ទះ ចៀសវាងការឆ្លងជំងឺផ្សេងៗដោយសារបញ្ហាកង្វះអនាម័យនេះ និងការបោះបង់ចោល នូវទម្លាប់មិនល្អ ពីការបន្ទោរបង់ដោយពាសវាលពាលកាលកន្លងមក៕អត្ថបទលោក ឆាត វ៉ិត