អភិបាលខេត្តត្បូងឃ្មុំ ជំរុញដល់ អាជ្ញាធរ ពាក់ព័ន្ធ ឲ្យ បន្តអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩

ត្បូងឃ្មុំ: ដើម្បីចូលរួមអនុវត្តវិធានការនានា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បាន ជំរុញ ដល់អាជ្ញាធរស្រុកទាំង៦ ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តផ្សេង ត្រូវបន្តអនុវត្តឲ្យបានម៉ើងម៉ាត់ និងមានប្រសិទ្ធិភាពក្នុងការអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន និងសេចក្តីនែនាំរបស់រដ្ឋបាលខេត្ត ក្នុងការរិតបន្តឹងការធ្វើចរាចរណ៍ក្នុងខេត្ត ពិសេសឆ្លងទៅពីខេត្តត្បូងឃ្មុំទៅខេត្តផ្សេងៗ និងពីខេត្តផ្សេងៗមកខេត្តត្បូងឃ្មុំ ។ ការ ជំរុញ បែបនេះអភិបាលខេត្តត្បូងឃ្មុំបានធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្នុង ឱកាស ផ្តល់សម្ភារៈ និងថវិការជូនមន្រ្តីមានសមត្ថកិច្ចប្រចាំការតាមគោលដៅព្រំប្រទល់ខេត្ត ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នាត្រូវបន្តអនុវត្តឲ្យបាន ម៉ើងម៉ាត់បំផុតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ក្នុងនោះអាជ្ញាធរស្រុកទាំង៦គឺ ស្រុកត្បូងឃ្មុំ, ស្រុកក្រូចឆ្មារ, ស្រុកតំបែរ, ស្រុកមេមត់, ស្រុកពញាក្រែក, និងស្រុកអូរាំងឪ ដែលមានព្រំប្រទល់ជាប់ខេត្តផ្សេងៗ ត្រូវសហការឲ្យបានល្អជាមួយមន្រ្តីប្រចាំការតាមព្រំប្រទល់និមួយៗ ដោយធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការលួចឆ្លងដោយខុសពីខេត្តត្បូងឃ្មុំទៅខេត្តផ្សេង និងពីខេត្តផ្សេងចូលមកខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបន្តថា ជាមួយនិងការរិតបន្តឹងនេះ អាជ្ញាធរស្រុកក៏ត្រូវពិនិត្យមើលផងដែរចំពោះប្រជាពលរដ្ឋដែលចេញចូលរកស៊ីប្រចាំថ្ងៃមានភូមិផងក្បែគ្នាបើអាចអនុគ្រោះត្រូវអនុគ្រោះដោយតម្រូវឲ្យអាជ្ញាធរមូលដ្នានបញ្ជាក់ឲ្យបានច្បាស់ ។
ជាមួយនិងការរិតបន្តឹងនេះអាជ្ញាធរភូមិ/ឃុំក៏ត្រូវតាមដានជាប្រចាំ បើមានករណីលួចឆ្លងចូលមកមូលដ្ឋានរបស់ខ្លួនត្រូវរាយការណ៍ជូនអាជ្ញាធរស្រុក ដើម្បីចាត់វិធានការផ្លូវច្បាប់ ឬបញ្ជូនពួកគាត់មកធ្វើចត្តាឡីស័ក្កជាបន្ទាន់ ៕