អភិបាលខេត្តកំពង់ចាម​ បេីកកិច្ចប្រជុំបន្ទាន់​ ដេីម្បីដាក់ចេញនូវវិធានការ​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ-១៩

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹក​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​ដឹកនាំកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធនឹង​ករណី​ផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដើម្បីដាក់ចេញនូវវិធានការ​ ទៅដល់អាជ្ញាធរ​ពាក់ព័ន្ធ និងប្រជាពលរដ្ឋ បើកយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏​កាច​សាហាវ​នេះ​ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសុខាភិបាល លោកនាយករដ្ឋបាល និង​លោកអភិបាលក្រុង-ស្រុក ពាក់ព័ន្ធផងដែរ​។ 

ជាមួយគ្នា​នោះ​ នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២១​នេះដែរ​ រដ្ឋបាលខេត្តកំពង់ចាម​ ក៏​បាន​សេចក្តីប្រកាសព័ត៌មាន​ ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់​ ក្នុងនោះ​កម្មករ-កម្មការីនី ចំនួន៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ចំនួន០១នាក់ដែលឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩​ ។ 

សេចក្តី​ប្រកាស​នោះ​ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុងឃុំកងតាណឹង ឃុំព្រែកកុយ ឃុំស្តៅ និងឃុំរកាអារ ស្រុកកងមាស​,​ ឃុំប្រាំយ៉ាម ឃុំមានជ័យ ឃុំព្រែករំដេង និងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ, ឃុំសំបូរ ឃុំតាំងក្រាំង និងឃុំជាលា ស្រុកបាធាយ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លេីកម្មករ-កម្មការីនីចំនួន ៣៨នាក់ រស់នៅស្រុកកងមាស ២៤នាក់ ស្រុកបាធាយ ០៦នាក់ ស្រុកស្រីសន្ធរ០៨នាក់ និងកុមារីអាយុ០៤ឆ្នាំ ចំនួន០១នាក់ ដែលបានឆ្លងពី ម្តាយជាអ្នក​វិជ្ជមាន​កូវីដ-១៩​ ផងដែរ ៕