អាជ្ញាធរខេត្តកំពង់ធំបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់បន្ថែមទៀត ក្នុងចំណោមអ្នក មកយក សំណាក ធ្វើតេស្តរហ័ស (Rapid Test) ១០៤នាក់ នៅស្រុកស្ទោង

(រដ្ឋបាលខេត្តកំពង់ធំ): អាជ្ញាធរខេត្តកំពង់ធំបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់បន្ថែមទៀត ក្នុង ចំណោមអ្នកមកយកសំណាកធ្វើតេស្តរហ័ស (Rapid Test) ចំនួន ១០៤នាក់ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ ក្នុងស្រុកស្ទោង ហើយនៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង សហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៅក្នុងស្រុកស្ទោង ព្រមទាំងអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ស៊ាង គឹមសាន និង អ្នក ចូលរួមបុណ្យស្ត្រីឈ្មោះ ប៉ិល ថេង កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ មេសា នៅភូមិលាបទង ឃុំកំពង់ចិនត្បូង សូមអញ្ជើញមកធ្វើតេស្តយកសំណាកនៅសាលាបឋមសិក្សាព្រះនាង ដែល មាន ទីតាំង ស្ថិតនៅ ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃ ជំងឺកូវីដ១៩។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តកំពង់ធំ បាន ចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែល ជា តំបន់ មាន ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រហូតដល់មាន ការជូនដំណឹងជាថ្មី ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាល នៃ ជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រដែលបានត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាល ទៅ តំបន់ ផ្សេង ទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានសំណូមពរដល់បងប្អូនដែលធ្លាប់មានការពាក់ព័ន្ធ ហើយ មានការសង្ស័យ សូមពិនិត្យតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណី មាន ការប្រែប្រួលខុសប្រក្រតីដូចជា ឡើងកម្ដៅលើស ៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពង់ក ត្រូវប្រញាប់ ទំនាក់ទំនងអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត។