បងប្អូនប្រជាពលរដ្ឋចំនួន៣៥នាក់ពាក់ព័ន្ធជាមួយសពលោក នូ ចុល ស្លាប់ដោយជំងឺកូវីដ-១៩ នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ថ្ងៃនេះក្រុមគ្រូពេទ្យអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅលំនៅឋានវិញ

ខេត្តកំពង់ឆ្នាំងៈ បងប្អូនប្រជាពលរដ្ឋចំនួន៣៥នាក់ដែលបានធ្វើចត្តាឡីស័កនៅសាលាគំរូក្រុងកំពង់ឆ្នាំងត្រូវបានអាជ្ញាធរនិងគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយនៅព្រឹកថ្ងៃទី៦ ខែឧសភា នេះបន្ទាប់ពីពួកគាត់បានស្នាក់នៅធ្វើចត្តាឡីស័កជាងកន្លះខែកន្លងមកនេះដោយគ្រូពេទ្យធ្វើតេស្តលើកទី២រកមិនឃើញមានមេរោគកូវីដ-១៩ទេ ។ក្រុមគ្រូពេទ្យមណ្ឌលចត្តាឡីស័កសាលាគំរូក្រុង បានឲ្យដឹងថាក្នុងចំណោមប្រជាពលរដ្ឋទាំង៣៥ នាក់ខាងលើនេះមាន ២៨នាក់គឺជាប្រពន្ធ កូន ចៅ និងសាច់ញាតិរបស់សពលោក នូ ចុល រួមទាំងប្រជាពលរដ្ឋដែលបានពាក់ព័ន្ធជាមួយសពលោក នូ ចុល បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ១៩ ខែមេសានិងពេលស្លាប់បានយកទៅធ្វើបុណ្យនៅក្នុងលំនៅឋានរបស់គាត់ ស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរកន្លងទៅនេះ។ដោយពួកគាត់ទាំង 35 នាក់នេះបានផ្ដល់សំណាងធ្វើតេស្តចំនួន២ លើករួចមកហើយគឺ  អវិជ្ជមានកូវីដ១៩ ទាំងអស់គ្នា ។

   នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះដែរ មុននឹងពួកគាត់ត្រឡប់ទៅលំនៅ ឋានរបស់ពួកគាត់វិញ អាជ្ញាធរនិងក្រុមគ្រូពេទ្យ បានបាញ់ថ្នាំសម្លាប់មេរោគទៅលើសម្ភារៈ មានដូចជាបង្វិចខោអាវវ៉ាលីដាក់សម្ភារៈផ្សេងៗនិងក៏បានជូនបាយកញ្ចប់ដល់ពួក គាត់ម្នាក់មួយកញ្ចប់ សម្រាប់ទុកហូបតាមផ្លូវផងដែរ ។ 

  ជាមួយគ្នានេះដែរ អាជ្ញាធរនិងគ្រូពេទ្យបានណែនាំឲ្យពួកគាត់ពេលបានទៅដល់ផ្ទះវិញ ត្រូវគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួនទើបអាចជៀសផុតពីជំងឺកូវីត១៩ដ៏កាចសាហាវនេះបាន ៕

សុខ គឹមសៀន