សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យទទួលថវិកាពីសប្បុរសជននានាក្នុងខេត្ត បានជាង១៤០លានរៀល

បន្ទាយមានជ័យ៖សប្បុរសជននានារួមមាន មន្ត្រីរាជការមន្ទីរអង្គភាព អាជីវករម្ចាស់កាស៊ីណូក្រុងប៉ោយប៉ែត និងក្រុមហ៊ុនលក់ដីផ្ទះល្វែងក្រុងប៉ោយប៉ែត បានបន្តផ្ដល់បរិច្ចាក ថវិកាចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាង ភាពធនរបស់សង្គមជាតិ ទទួលថវិការបាន ពីសប្បុរសជននាឱកាសនោះរួមមានប្រាក់រៀលសរុបជាង១៤០លានរៀល។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ។ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ បើទោះបីជាមិនអាចមានការប្រារព្ធមិទ្ទីងទាំងនៅថ្នាក់កណ្ដាល ទាំងនៅថ្នាក់សាខាក៏ដោយ ក៏កាកបាតក្រហមកម្ពុជា នៅតែបន្តរក្សាទិវា ៨ ឧសភានេះ ជាព្រឹត្តិការណ៍ដ៏មានសារសំខាន់សម្រាប់ធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន តាមបណ្ដាញព័ត៌មានសង្គម នូវការបូកសរុបសមិទ្ធផលការងារដែលកាកបាទក្រហមកម្ពុជាសម្រេចបាននៅក្នុងឆ្នាំ ២០២០ កន្លងមក នឹងបន្តរក្សាទិវា ៨ ឧសភានេះ ដែលជាឱកាសនៃការអំពាវនាវ ស្វែងរកការជួយឧបត្ថម្ភគាំទ្រ ដោយសទ្ធាជ្រះថ្លា ដោយការស្ម័គ្រចិត្ត ក្នុងស្មារតីនៃវប្បធម៌ចែករំលែកពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកាកបាទក្រហមកម្ពុជា មានធនធានហិរញ្ញវត្ថុសម្រាប់បន្តប្រតិបត្តិការមនុស្សធម៌ជួយប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះនៅគ្រប់ទីកន្លែងតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”និង”កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា មិនទុកនរណាឲ្យនៅឯកោឡើយ”។
ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍បន្តថា ក្នុងបរិការណ៍ដែលសកលលោក បាននិងកំពុងប្រឈមមុខនឹងការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដែលមានលក្ខណៈកាន់តែសាហាវ ស្មុគ្រស្មាញ និងក្នុងទ្រង់ទ្រាយកាន់តែធំឡើងៗ បណ្ដាលឲ្យបញ្ហាសុខភាពសាធារណៈវិស័យសេដ្ឋកិច្ចសង្គម ព្រមទាំងជីវភាពរស់នៅរបស់មនុស្សជាតិលើភពផែនដីនេះ ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក និងក្នុងបរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះមានការផ្ទុះឡើងជំងឺកូវីដ១៩ បានឆ្លងចូលក្នុងសហគមន៍ជាលើកទី ៣ ក្នុងលក្ខណៈទ្រង់ទ្រាយធំ ស្មុគ្រស្មាញខ្លាំងមិនធ្លាប់មានសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង បង្កជាការប្រឈមថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលចាំបាច់បំផុតត្រូវដាក់ចេញនូវវិធានការរឹតបន្តឹងជាបន្តបន្ទាប់ រហូតទៅដល់ការបង្កើតឲ្យមានច្បាប់ស្ដីពី “វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”រួមជាមួយយុទ្ធនាការ “យើងរួមគ្នាទប់ស្កាត់ជំងឺរាតត្បាតតាមរយៈ ៣ការពារ ៣កុំ នឹង២ចូលរួម” ដែលចាំបាច់តម្រូវឲ្យមានការចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមគ្រប់មធ្យោបាយ និងការចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួនពីពលរដ្ឋគ្រប់រូបដើម្បីយើងទាំងអស់គ្នា ដើម្បីគ្រួសារយើង និងដើម្បីប្រទេសជាតិយើង ពោលគឺដើម្បីសេចក្ដីសុខ សុខុមាលភាពប្រជាជនទាំងមូល។
សូមបញ្ជាក់ថា៖ ថវិកាដែលទទួលបានពីសប្បុរសជននាឱកាសនោះរួមមានប្រាក់រៀលសរុប 75,974,500រៀល ប្រាក់បាតថៃសរុប 100,000បាត និងប្រាក់ដុល្លារសហរដ្ឋអាមេរិកសរុប 15,500$…។ដោយ៖ឃិន គន្ធា