រថយន្តនីសាន់ដឹកពងទា មកពន្លះទ្រូងផ្លូវក្រឡាប់ផ្ងារជេីងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តនីសាន់ដឹកពងទាឡេីងពេញរថយន្ត ហេីយមិនប្រយ័ត្នក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសឡេីយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុចស្ទុបកងរាជអាវុធហត្ថលេីផ្ទៃប្រទេស តាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក នីសាន់ FRONTIER ១បាំងកន្លះ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AE-1712 បេីកបរដោយបុរសម្នាក់បានដឹកពងទាពេញរថយន្ត ហេីយធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តបង្កបានក្រឡាប់ផ្ងារជេីងម្ខាងចាក់ពងទាចោលពេញផ្លូវ ។ ទោះជាយ៉ាងណាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។

ក្រោយកេីតហេតុ ម្ចាស់រថយន្តបង្កបានទាក់ទងទៅសាច់ញាតិឲ្យមកជួយដឹកពងទាយកទៅឲ្យម៉ូយធម្មតា និងប្រគល់រថយន្តឲ្យទៅសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា