កិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពនៃការសិក្សា ចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងនៅតំបន់ការពារធម្មជាតិ របៀបជីវចម្រុះភូមិសាស្រ្ដ ខេត្តរតនគិរី

រតនគិរី : នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំ កិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពនៃការសិក្សា ចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងនៅតំបន់ការពារធម្មជាតិ របៀបជីវចម្រុះភូមិសាស្រ្ដ ខេត្តរតនគិរី។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត អគារB ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធានមន្ទីរមានការពាក់ព័ន្ធ ប្រតិភូក្រសួងបរិស្ថាន ក្រុមអភិរក្ស អាជ្ញាធរស្រុក ក្រុង និងមេឃុំ ចៅសង្កាត់មានការពាក់ព័ន្ធជាច្រើននាក់ទៀត។

ថ្លែងក្នុងឱកាសនៃការបើកកិច្ចប្រជុំនេះ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីពិនិត្យមើល ការសិក្សាចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងបានត្រឹមត្រូវ។ ទោះបីមានផលរំខានតិច្ចតួចក្នុងការធ្វើការ ក្នុងបរិបទកូវីដ១៩នេះ ប៉ុន្ដែខេត្តរតនគិរីរបស់យើងសម្រេចការងារនេះបានប្រមាណ៧០%ហើយ ដូច្នេះមន្រ្ដីពាក់ព័ន្ធទាំងអស់ សូមខិតខំប្រឹងប្រែង បន្ដទៀតអោយបានល្អ ដើម្បីសម្រេចការងារនេះបានជោគជ័យក្នុងរយះពេល២ខែខាងមុខនេះ។ ឯកឧត្តមក៏បានសំណូមពរអោយមន្រ្ដីភូមិឃុំ មន្រ្ដីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋពាក់ព័ន្ធ សហការគ្នាអោយបានល្អ ដើម្បីសម្រួលការងារនេះអោយមានភាពងាយស្រួល និងសម្រេចបានជោគជ័យ។

ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី បានមានប្រសាសន៍កោតសរសើរដល់ក្រុមការងារ និងមន្រ្ដីពាក់ព័ន្ធដែលធ្វើការលើការសិក្សា ចងក្រងឯកសារនេះទាំងអស់ ទោះបីជាយើងមិនទាន់បានសម្រេចការងារនេះបាន១០០%ក្ដី តែបានបំពេញការងារបានយ៉ាងល្អប្រសើរ ហើយសូមបន្ដការខិតខំប្រឹងប្រែងបន្ដទៀត។ ឯកឧត្តមក៏បានលើកឡើងថា ថ្ងៃនេះជាឱកាសដ៏ល្អសម្រាប់ក្រុមការងាររបស់យើង ក្នុងការទទួលបានអនុសាសន៍ល្អៗ ពីឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានផ្ទាល់ យកមកអនុវត្តក្នុងការងាររបស់យើង ដើម្បីបង្កើនភាពងាយស្រួល និងសម្រេចការងាររបស់យើងបានជោគជ័យ។

ឯកឧត្តមអភិបាលរងខេត្តក៏បានសង្កត់ធ្ងន់ថា ការធ្វើប្រទានកម្មដីរដ្ឋជូនប្រជាពលរដ្ឋ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកដោះស្រាយ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងគ្រប់គ្រងបាននូវផ្ទៃដីរបស់រដ្ឋព្រមទាំងកាត់បន្ថយបាននូវការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ដោយមិនត្រូវជឿតាមការញុះញង់ អូសទាញរបស់មេខ្យល់ ឬជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះឡេីយ៕