ស្លាប់ មនុស្សម្នាក់ ក្នុងករណីអគ្គីភ័យឆាប់ឆេះស្ថានីយប្រេងឥន្ធនៈ ១កន្លែង និងផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅស្រុកចំការលើ

កំពង់ចាម : កាលពីវេលាម៉ោង៦.៤៥នាទី ល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គីភ័យ ឆាប់ឆេះស្ថានីយប្រេងឥន្ធនៈ ១កន្លែង និងផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បណ្ដាលឲ្យ ស្លាប់ បាត់បង់ជីវិតមនុស្សម្នាក់ និងទ្រព្យសម្បត្តិ អស់ជាច្រើនទៀត ។
បេីតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាម លោកស្នងការ បានចាត់បញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងចេញរថយន្ដពន្លត់អគ្គីភ័យ ១គ្រឿង និងតាមបណ្ដាស្រុក សរុប ៨គ្រឿង ទៅជួយអន្ដរាគមន៍ជួយពន្លត់ ។
ប្រភពបញ្ជាក់ដែរថា ម្ចាស់ផ្ទះ និងស្ថានីយប្រេងឥន្ធនៈនោះ មានឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ។ ករណីនេះ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូន) ខណៈដែល ជនរងគ្រោះ ចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ ។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ចថា មូលហេតុ ដែលបង្កឲ្យមានករណីអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គីសនី ពេលបាញ់ប្រេងបញ្ចូលកានបណ្តាលឲ្យផ្ទុះ ដែលធ្វើឲ្យខូចខាត ផ្ទះសង់អំពីឈើ ប្រក់ក្បឿង អស់ ១ខ្នងទំហំ ៧ម៉ត្រ × ៩ម៉ែត្រ និង ការ៉ាស់សាំង ១កន្លែង អស់ទាំងស្រុង ព្រមទាំង រថយន្តម៉ាកលុចស៊ីស៣៣០ ចំនួន ១គ្រឿង ម៉ូតូ ១គ្រឿង និងប្រាក់ចំនួនទៀត ។
គូសបញ្ជាក់ដែរថា ក្នុងកិច្ចប្រតិបត្តិការណ៍នេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ៨គ្រឿង រថយន្តស្រុកស្ទឹងត្រង់ ចំនួន ២គ្រឿង រថយន្តខេត្ត ៣គ្រឿង រថយន្តស្រុកព្រៃឈរ ១គ្រឿង រថយន្តស្រុកកំពង់សៀម ១គ្រឿង រថយន្តស្រុកចំការលើ ១គ្រឿង ប្រើប្រាស់អស់ទឹក ៩ឡាន ទើបធ្វើការគ្រប់គ្រងស្ថានការណ៍នោះ ឲ្យរលត់ទាំងស្រុង ១០០% នៅវេលាមោង ៨.៤០នាទី យប់ ៕