ផ្នែកសឹករងស្រុកសន្ទុកជម្រុញការចិញ្ចឹមសត្វដាំដំណាំដើម្បីផ្គត់ផ្គង់ជីវភាពកងទ័ពក្នុងដំណាក់កាលការពារជម្ងឺកូវិដ១៩

0

 ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការង តំណាងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះពិនិត្យការងារប្រឡងប្រណាំងទាំង៥ខ្លឹមសារ ដែលជាគោលការណ៍ របស់យោធភូមិភាគទី៤ ក្នុងការដាំដំណាំ បន្លែបង្ការ ចិញ្ចឹមសត្វ និងដំណាំរួមផ្សំ ដើម្បីលើកស្ទួយជីវភាពកងទ័ព នៅក្នុងបន្ទាយ ក្នុងដំណាក់កាល ចូលរួមការពារទប់ស្កាត់ការឆ្លងមេរោគកូវិដ១៩ ។

ប្រតិភូត្រួតពិនិត្យការងារប្រឡងប្រណាំង នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការង ប្រធានលេខាធិការដ្ឋាន ក្រុមប្រឹក្សាអចិន្ត្រៃប្រឡងប្រណាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណេះសំណាល លើកសរសើរ មេបញ្ជាការផ្នែកសឹករងសន្ទុក ដែលបានខិតខំប្រឹងប្រែង គោរពអនុវត្តនូវបទបញ្ជារបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បង្កើតបង្កើនសមិទ្ធិផលជាច្រើន នៅក្នុងអង្គភាព។

លោកវរសេនីយ៍ត្រី ប៊ុន វណ្ណនី មេបញ្ជាការផ្នែកសឹករងសន្ទុក បានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញ របស់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង និងប្រធានផ្នែកប្រឡងប្រណាំង ផ្នែកសឹករងសន្ទុក បានដាំដំណាំ មានបន្លែបង្កការសរុប៣០មុខ ក្នុងនោះមានមាន់ទា ត្រី អំពៅ សណ្តែក ត្រប់ និងដំណាំរួមផ្សំជាច្រើនមុខទៀត ក្រោយពីធ្វើការដាំដុះ ដំណាំនិងសត្វទាំងនេះ បានជួយសម្រួលកាត់បន្ថយការចំណាយ នៅក្នុងអង្គភាពជាច្រើន និងមានគម្រោងពង្រីកបន្ថែមទៀត មិនតែប៉ុណ្ណោះដំណាំមួយចំនួន បានលក់ជូនអតិថិជនក្នុងទៅផ្សារផងដែរ។

 

លោកវរសេនីយ៍ឯក សោម សុភាវុធ បានពាំនាំការផ្តាំផ្ញើរ ពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យកងកម្លាំងទាំងអស់ គោរពនិងអនុវត្តឲ្យបាន នូវវិន័យ សីលធម៌ និងរបៀបរបបការងារ ជាកងកម្លាំង គ្រប់គ្រង់កងកម្លាំងប្រចាំការប្រចាំបញ្ជា ត្រៀមខ្លួនជាស្រេចរងចាំបទបញ្ជា២៤ម៉ោងលើ២៤ម៉ោងពីថ្នាក់លើ ដើម្បីចេញជួយអន្តរាគមន៍ នូវឧបទ្ទហេតុផ្សេងៗ  គ្រប់គ្រងសម្ភារៈមធ្យោបាយ អាវុធជាតិផ្ទុះឲ្យមានសុវត្តិភាព ជាពិសេសត្រូវតែអនុវត្តឲ្យបាន នូវវិធានការ៣កុំ ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ច្រៀសការឆ្លងមេរោគកូវិ១៩ ចូលដល់អង្គភាព និងក្រុមគ្រួសារ។

ដោយ វណ្ណៈ កិត្តិស័ក