អភិបាលខេត្តកំពង់ចាម​ បន្តទទួលអំណោយ​ពីសប្បុរសជន​ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងអភិបាលរងខេត្ត នាព្រឹក​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ​ បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។

ឆ្លៀងក្នុងឱកាសនោះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំណរអរគុណ ចំពោះ លោក លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានផ្តល់អំណោយ ជួយដល់រដ្ឋបាលខេត្ត ដើម្បី ជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ និងគ្រួសារផ្សេងៗទៀត ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត ។ ក្រៅពីនោះ អំណោយមនុស្សធម៌នេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩ ក្នុងខេត្ត  ជាពិសេស ការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃ ផងដែរ​។ 

គួរ​បញ្ជាក់​ថា​ សប្បុរសជន ដែលនាំអំណោយផ្ដល់ជូន រដ្ឋបាលខេត្តកំពង់ចាម នាឱកាសនោះ រួមមាន ៖ លោក ហុង វណ្ណឌី និងក្រុមគ្រួសារ ម៉ាស់ចំនួន ៤កេស អាវ PPE ចំនួន ៣កេស ទឹកអាល់កុល ៣កាន និងថវិកាចំនួន ៦លានរៀល ។

-លោក លី គីមឆេង និងលោកស្រី សៀង ហ៊ូង ឧបត្ថម្ភតេស្តសហ័ស ចំនួន ១.១១១ដើម 

និង-មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេមបូឌា ភីអិលស៊ី ឧបត្ថម្ភ ថវិកា ១លានរៀល ផងដែរ​ ៕