សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រដេញស្ទាក់ចាប់បានរថយន្តទំនើបមួយគ្រឿង សង្ស័យដឹកឈើប្រណិត និងឃាត់ខ្លួនមនុស្សពីរនាក់ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើល្មើសច្បាប់ !

ខេត្តកំពង់ឆ្នាំង៖ កម្លាំងកងរាជអាវុធហត្ថស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រដេញស្ទាក់ចាប់រថយន្តស៊េរីទំបនើបមួយគ្រឿង ផ្ទុកឈើប្រណិតពេញប្រៀប និងបានឃាត់ខ្លួនមនុស្ស ២នាក់ បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅថ្ងៃអាទិត្យទី២១សីហាឆ្នាំ២០២១នេះ។
មន្ត្រីអាវុធហត្ថស្រុកទឹកផុស បានឲ្យដឹងថា រថយន្តដែលបង្ក្រាបបានក្នុងពេលនេះ គឺប្រភេទ ធន់ត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9137 រថយន្តនេះត្រូវគេដឹងថា បានដឹកឈើប្រណិតចេញពី ភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ ខេត្តកំពង់ស្ពឺ។ លោកថា ក្រោយទទួលបានការរាយការណ៍នោះមក កម្លាំងសមត្ថកិច្ចបានប្រដេញស្ទាក់ចាប់ និងរថយន្តនេះបានបើកកៀររថយន្តរបស់កម្លាំងអាវុធហត្ថ និងបានបើកធ្លាក់ផ្លូវទៅមុខលែងរួច នៅមុខមណ្ឌលសុខភាពជៀប ទើបចាប់បានទាំងរថយន្តដឹកឈើ និងឃាត់ខ្លួនអ្នកដឹកឈើពីរនាក់ បញ្ជូនមកកាន់ ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ។
មន្ត្រីអាវុធហត្ថបានបន្តថា បើតាមការឲ្យដឹង ជនសង្ស័យទាំងពីរនាក់នេះ តែងបានចេញចូលដឹកជញ្ជូនឈើ ចេញពីភូមិសាស្ត្រខាងលើនោះ ជាច្រើនលើកមកហើយ ប៉ុន្តែ មិនដែលមានសមត្ថកិច្ចណា ដឹងនិងបង្ក្រាបបានឡើយ ទើបតែពេលនេះ ត្រូវកម្លាំងកងរាជអាវុហត្ថស្រុកទឹកផុស បង្ក្រាបបាន។
នៅក្នុងខណៈនេះ ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងបទល្មើស កំពុងស្ថិតក្រោមការសាកសួរ និងគ្រប់គ្រង ដោយកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។ ជនសង្ស័យ និងវត្ថុតាង នឹងត្រូវកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ចៅស្រទបចេក