ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី នាំយកបច្ច័យ ទេយ្យទាន និងទៀនវព្រះវស្សា របស់ថ្នាក់ដឹកនាំក្រុមការងារ រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះវិហារ ប្រគេនព្រះសង្ឃនិមន្តមកពីវត្តចំនួន៩ ដែលកំពុងគង់ចាំត្រីមាសក្នុងពុទ្ធសីមា

ខេត្តព្រះវិហារ៖ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី ដែលមានការចូលរួមពី អភិបាលរងខេត្តព្រះវិហារ លោក យុង គឹមហ៊ាន បានដឹកនាំក្រុមការងារថ្នាក់ខេត្ត នាំយកទៀនព្រះវិស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ របស់ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ,អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និងប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកសង្គមថ្មី លោក ចាន់ នន់វិទ្យា ទៅវេរប្រគេនព្រះសង្ឃ ចំនួន ៩ វត្ត ដែលកំពុងគង់ចាំអស់កាលត្រីមាសក្នុងពុទ្ធសីមា នៅក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៣សីហា និងនៅថ្ងៃទី២៤សីហាឆ្នាំ២០២១ នៅវត្តទក្សិណគីរី «វត្តសំឡាញ» ស្ថិតក្នុងភូមិសំឡាញ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សា ដែលវត្តទាំង ៩ទទួលបានក្នុងរយៈពេល ២ថ្ងៃនេះ ដោយវត្តនីមួយៗ ទទួលបាន ទានវស្សា ១គូ ,អង្ករ ១០០គីឡូក្រាម ,ទឹកបរិសុទ្ធសុទ្ធ ៥កេស ,ទឹកក្រូច ៥កេស ,មីសៀម ៣ កេស ,ត្រីខកំបុង ៤ យួ ,ទឹកត្រី ២ កេស ,ទឹកស៊ីអ៊ីវ ២ កេស ,អំបិល ១ បាវ ,ប៊ីចេង ៥គីឡូក្រាម ,ឆៃប៉ូវ ១០ គីឡូក្រាម ,ខ្ទឹមស ៥ គីឡូក្រាម ,ប្រេងឆា ១ដបធំ ,តែ ២ កញ្ចប់ ,ស្ករស ៥ គីឡូក្រាម ,ទឹកដោះគោខាប់ ១ កេស ទៀនតូច ១ គីឡូក្រាម ,ធូប ១ដុំធំ ,ប្រេងម៉ាស៊ូត ៣០ លីត្រ និងបច្ច័យសរុប ១លានរៀល ផងដែរ។
ប្រធានក្រុមការងារខេត្តព្រះវិហារ ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី បានថ្លែងឲ្យដឹងថា ការប្រគេនទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សា ដែលជាគ្រឿងសក្ការៈបូជា ដល់ព្រះសង្ឃកំពុងគង់ចាំព្រះវស្សា ក្នុងកាលត្រីមាស នៅវត្តទាំង ៩ នៅក្នុងស្រុកសង្គមថ្មីរបស់ ថ្នាក់ដឹកនាំថ្នាក់កណ្តាល និងថ្នាក់ខេត្ត ក្នុងពេលនេះ គឺជាការផ្គង់ផ្គង់ ដែលធ្វើឡើងទៅតាមប្រពៃណី ទំនៀមទម្លាប់ និងទៅតាមគន្លង នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ លោកថា ប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តព្រះវិហារ តែងបានគិតគូខ្ពស់ ក្នុងការចូលរួមក្នុងគ្រប់សកម្មភាព លើការទ្រទ្រង់ និងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ពិសេស នៅក្នុងខេត្តព្រះវិហារ ឲ្យមានការរីកចម្រើនឈានឡើងជានិច្ច ដែលស្រមទៅនឹងគោលការណ៍ និងទស្សនវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា។
ព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកាថា ពិធីបុណ្យចូលព្រះវស្សា ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ដែលជាទំនៀមទំលាប់ មានតាំងពីបុរាណកាលមក សម្រាប់ប្រជាជាតិ នៃប្រជាពុទ្ធបរិស័ទខ្មែរគ្រប់ៗជំនាន់ និងពិធីនេះ ត្រូវបានផ្តើមធ្វើឡើងនៅល្ងាច ថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ ពុទ្ធបរិស័ទចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ ស្លាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរទក្សិណ ជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងគ្រឿងសក្ការៈបូជា ប្រគេនដល់ព្រះសង្ឃ ដែលកំពុងគង់ចាំអស់កាលត្រីមាស ក្នុងពុទ្ធសីមា។
ព្រះអង្គមានសង្ឃដីកាទៀតថា បើតាមទំនៀមទំលាប់ខ្មែរពីបុរាណកាលមក នៅក្នុងអំឡុងពេលចូលព្រះវស្សានេះ គឺមានរយៈពេល ៣ខែនេះ ហើយប្រជាពុទ្ធបរិស័ទ ដែលគោរព ប្រតិបត្តិតាមឱវាទព្រះពុទ្ធ គឺនិយមធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ មកប្រគេនជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ ទ្រទ្រង់ដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា ក្នុងអំឡុងពេលនៃការចូលព្រះវស្សានេះ ៕ ដោយ៖ឡុង សំបូរ