អាជ្ញាធរខេត្តស្ទឹងត្រែង នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ នៅថ្ងៃស្អែកនេះហើយ

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មាន ដល់ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង ឲ្យបានដឹង ពីការរៀបចំដំណើរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានវ័យពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដែលការចាក់នោះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ២៥សីហា ដល់ថ្ងៃទី៣០សីហាឆ្នាំ២០២១ សម្រាប់កុមារ និងយុវវ័យ តែនៅក្នុងក្រុងស្ទឹងត្រែង ប៉ុណ្ណោះ។
រដ្ឋបាលខេត្តស្ទឹងត្រែង បានបង្ហាញថា ក្រុងស្ទឹងត្រែងមាន ៤សង្កាត់ គឺសង្កាត់ស្ទឹងត្រែង សង្កាត់ព្រះបាទ សង្កាត់ស្រះឬស្សី និងសង្កាត់សាមគ្គី។ ចំពោះសង្កាត់ស្ទឹងត្រែង កុមារ និងយុវវ័យ ដែលកំពុងរស់នៅក្នុងភូមិត្រពាំងព្រីង ភូមិកណ្តាល និងភូមិស្ពានថ្ម នឹងត្រូវមកទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥សីហា ដល់ថ្ងៃទី២៦សីហាឆ្នាំ២០២១ នៅមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច។ នៅក្នុងសង្កាត់ស្ទឹងត្រែង ដដែល ភូមិព្រែក និងភូមិរាជានុកូល ត្រូវមកចាក់វ៉ាក់សាំង ក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧សីហា ដល់ថ្ងៃទី៣០សីហាឆ្នាំ២០២១ នៅមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច។ សង្កាត់ព្រះបាទ គឺភូមិបាចុង នឹងត្រូវចាក់រយៈពេល ១ថ្ងៃ គឺថ្ងៃទី២៥សីហាឆ្នាំ២០២១ នៅមណ្ឌលកីឡាខេត្តស្ទឹងត្រែង។ ដោយឡែក ភូមិកាំងមេម៉ាយ និងភូមិកាំងដីស នឹងត្រូវចាក់ក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៦សីហា ដល់ថ្ងៃទី ២៧សីហាឆ្នាំ២០២១ នៅមណ្ឌលកីឡាខេត្តស្ទឹងត្រែង។ នៅក្នុងសង្កាត់ស្ទឹងត្រែងខាងលើ គឺភូមិព្រែក និងភូមិរាជានុកូល នឹងត្រូវបន្តចាក់វ៉ាក់សាំងរយៈពេល ៣ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី ២៨សីហា ដល់ថ្ងៃទី ៣០សីហា ឆ្នាំ២០២១ នៅមណ្ឌលកីឡាខេត្តស្ទឹងត្រែង។ នៅក្នុងសង្កាត់ស្រះឬស្សី គឺ ភូមិស្រែពោធិ៍ ភូមិថ្មលាត និងភូមិលើ នឹងត្រូវចាក់វ៉ាក់សាំងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៥សីហា ដល់ថ្ងៃទី ២៧ សីហា ឆ្នាំ២០២១ នៅមណ្ឌលវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង។ សង្កាត់សាមគ្គី មានភូមិហាងខូបាន ភូមិហាងខូសួន ភូមិកោះខនឌិន ភូមិថ្មី ភូមិខាំផាន់ និងភូមិគីឡូ៨ កុមារ និងយុវវ័យ ដែលមានវ័យចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ នឹងត្រូវមកទទួលយក ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៨សីហា ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ នៅមណ្ឌលវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង។
រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា នៅពេលមកចាក់វ៉ាក់សាំង សូមអាណាព្យាបាល ត្រូវមកជាមួយកូន ដោយថតចម្លងសំបុត្រកំណើតកូន ភ្ជាប់មកជាមួយ ក្នុងករណីពុំមានសំបុត្រកំណើត ត្រូវថតចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ភ្ជាប់មកជាមួយឲ្យបានគ្រប់ៗគ្នា។ ដូច្នេះ ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល ត្រូវរូតរះនាំកូនចៅ ស្ថិតក្នុងវ័យ ដែលបានកំណត់ខាងលើ ប្រញាប់នាំមកទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា កុំបីខានឡើយ៕ ដោយ៖ឡុង សំបូរ