សមត្ថកិច្ចនគរបាល នឹងបញ្ជូនក្រុមអ្នកញៀនល្បែង ៨នាក់ ទៅតុលាការខេត្តបាត់ដំបង ក្រោយការចុះបង្ក្រាប និងឃាត់ខ្លួន គ្រាពួកគេកំពុងប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងជល់មាន់ កាលពីថ្ងៃម្សិលមិញ

ខេត្តបាត់ដំបង៖ ក្រុមអ្នកញៀនល្បែង ៨នាក់ រួមជាមួយវត្ថុតាងបទល្មើសជាច្រើនទៀត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តបាត់ដំបង់ ចុះបង្ក្រាប ឃាត់ខ្លួន និងដកហូតបាន កាលពីថ្ងៃទី២៥សីហា ម្សិលមិញ ស្ថិតនៅក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ។ នៅរសៀលថ្ងៃទី២៦សីហាឆ្នាំ២០២១នេះ ក្រុមញៀនល្បែងទាំង ៨នាក់ នឹងត្រូវបញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការតាមច្បាប់ជាធរមាន។

  មន្ត្រីនគរបាលនៅក្នុងការបង្ក្រាបល្បែងស៊ីសងនោះ បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបក្រុមមនុស្ស ដែលកំពុងប្រមូលផ្តុំគ្នាលេងល្បែង ផ្ទុយពីគោលការណ៍ និងសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ក្នុងការហាមឃាត់ការប្រមូលផ្តុំគ្នា  តម្រូវឲ្យមានការរក្សាគម្លាតសុវត្ថិភាព និងជាប់កាតព្វកិច្ចជាខេត្តពាក់ម៉ាស់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ នាពេលនោះ គឺអនុវត្តក្រោមបទបញ្ជាពី ស្នងការនគរបាលខេត្ត និងនៅក្នុងប្រតិបត្តិការ កម្លាំងសមត្ថកិច្ច បានប្រទះឃើញ ក្រុមអ្នកញៀនល្បែងរាប់សិបនាក់ កំពុងជួបជុំ ប្រមូលផ្តុំគ្នាជល់មាន់ ហើយកម្លាំងសមត្ថកិច្ចក្រសោប ឃាត់ខ្លួនបានមនុស្ស ៨នាក់ ចំណែក មនុស្សរាប់សិបនាក់ទៀត បានរត់ចែកជើងគ្នា ចូលព្រៃបាត់អស់។

  មន្ត្រីដដែលបានបញ្ជាក់ថា ជនសង្ស័យទាំង ៨នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននាពេលនោះ គឺ ១-ឈ្មោះ ឡុង រតនៈ អាយុ ៤៦ ឆ្នាំ ,២- ឃុំ សាវុទ្ធ អាយុ ៤៧ ឆ្នាំ ,៣- អ៊ាន នឿត អាយុ ៤២ ឆ្នាំ ,៤- យី ពិសី អាយុ ៣០ ឆ្នាំ ,៥- ខេ ង លាក អាយុ ៦១ ឆ្នាំ ,៦- គឹម បាន អាយុ ៣១ ឆ្នាំ ,៧- សេង ម៉េត អាយុ ៦៥ ឆ្នាំ និង ៨ -ឈ្មោះ ជា សាវ៉ុ ន អាយុ ៤៣ ឆ្នាំ ជនសង្ស័យទាំង ៨នាក់ រស់នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន៖ សង្វៀនជល់មាន់ ១ ,មាន់ជល់ ២ ក្បាល ,ម៉ូតូ ៩ គ្រឿង រួមទាំងសម្ភារៈពាក់ព័ន្ធនឹងការលេងល្បែង មួយចំនួនទៀត ផងដែរ ។

  ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត លោកវរៈសេនីយ៍ ឈឿង គឹមសុង បានបញ្ជាក់ថា ក្រុមអ្នកភ្នាល់ល្បែងទាំង ៨នាក់ នឹងត្រូវជាប់សង្ស័យពីបទប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ដោយបំពាននឹងបំរាមរបស់ ក្រសួងសុខាភិបាល ពិសេស រាជរដ្ឋាភិបាល។ លោកថា ជនទាំងនេះ នឹងត្រូវមានទោស ជាប់ពន្ធនាគារ ព្រោះត្បិត ការលេងល្បែងស៊ីសង គឺខុសមួយករណី រីឯការប្រមូលផ្តុំគ្នា រំលោភលើការហាមឃាត់ ក្នុងវិធានការរដ្ឋបាល ខុសមួយករណីទៀត។ បើយោងតាមច្បាប់ ត្រូវតែមានទោស ហើយនៅរសៀលថ្ងៃ២៦សីហានេះ ជនសង្ស័យទាំង ៨នាក់ រួមទាំងវត្ថុតាងបទល្មើស នឹងត្រូវបញ្ជូនទៅតុលាការខេត្តបាត់ដំបង ចាត់ការតាមច្បាប់នោះហើយ៕