ប្រធានាធិបតីសហរដ្ឋអាមេរិក បានកំណត់ថ្ងៃដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងអំណាច ដោយក្រុមតាលីបង់ នៅបំណាច់ខែសីហាខាងមុខនេះ

អាហ្វហ្គានីស្ថាន៖ ប្រជាជនអាហ្វហ្គានីស្ថាន ដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវគេរាយការណ៍ថា បាន ប្រញាប់ភៀសខ្លួនចាកចេញពីប្រទេស បន្ទាប់ពីពួកគេគ្មានការរំពឹងទុកថា នឹងទទួលបានការធានាលើ សន្តិសុខ និងសវត្ថិភាពសម្រាប់ការរស់នៅ ក្រោយការដណ្តើមចូលកាន់អំណាច ពីពួកក្រុមតាលីបង់ និងបន្ទាប់ពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ជាក់ពីការកំណត់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃផុតកំណត់ការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន។

  នៅថ្ងៃព្រហស្បតិ៍ ទី២៦សីហានេះ ពលរដ្ឋអាហ្វហ្គានីស្ថាន បាននាំគ្នារត់គេចចេញ និងសម្រុក មកកាន់ព្រលានយន្តហោះ នៃទីក្រុងកាប៊ុល ដើម្បីចាកចេញពីប្រទេស ដែលគ្រប់គ្រងដោយក្រុម តាលីបង់។ ចំណែក ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ក្រុមរបស់ខ្លួនបានធានាថា ការជម្លៀសមួយចំនួន នឹងត្រូវបានអនុញ្ញាត បន្ទាប់ពីផុតកាលកំណត់ដកកងកម្លាំងអាមេរិក នៅក្នុងសប្ដាហ៍ក្រោយ។

  សេចក្តីរាយការណ៍បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៤សីហាឆ្នាំ២០២១ មកនោះ មានមនុស្សជាង ៨ម៉ឺននាក់ហើយ ត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថាន ប៉ុន្តែហ្វូងមនុស្សដ៏ច្រើន នៅតែស្ថិតនៅខាងក្រៅ អាកាសយានដ្ឋានរដ្ឋធានីកាប៊ុល ដោយសង្ឃឹមថា នឹងរត់គេចផុតពីការគំរាមកំហែងនៃការសងសឹក និងការគាបសង្កត់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយពួកតាលីបង់។

  រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា ពួកតាលីបង់បានប្តេជ្ញា អនុញ្ញាតឲ្យមានការចាកចេញ របស់ជនជាតិអាមេរិក ដែលមានហានិភ័យ ប្រជាជនអាហ្វហ្កានីស្ថាន និងប្រជាជនមកពីប្រទេសផ្សេងទៀត បន្ទាប់ ពីការរារាំងមិនឲ្យជនជាតិអាហ្វហ្គានីស្ថាន ទៅដល់អាកាសយានដ្ឋានកាលពីថ្ងៃអង្គារសប្តាហ៍នេះ។

   លោក Antony Blinken បានប្រាប់អ្នកយកព័ត៌មានថា “ពួកគេមានទំនួលខុសត្រូវក្នុងការប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តនេះ និងផ្តល់ការឆ្លងកាត់ប្រកបដោយសុវត្ថិភាព សម្រាប់អ្នកដែលចង់ចាកចេញពីប្រទេស”។ លោកបន្ថែមទៀតថា យ៉ាងហោចណាស់ពលរដ្ឋអាមេរិកចំនួន ៤ពាន់ ៥០០នាក់ក្នុងចំណោម ៦ពាន់នាក់ ដែលបាននិយាយថា ពួកគេចង់ចាកចេញពីអាហ្វហ្គានីស្ថាន និងក៏បានចាកចេញរួចហើយដែរ៕