អាជ្ញាធរក្រុងស្ទឹងត្រែង និងក្រុមគ្រូពេទ្យជំនាញ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូន មន្ត្រីរាជការ និងប្រជាពលរដ្ឋបានជាង ២ម៉ឺននាក់ នៅក្នុងរយៈពេលជិត ៧ខែ កន្លងមកនេះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ 

ខេត្តស្ទឹងត្រែង៖ មន្ត្រីរាជការ ប្រជាពលរដ្ឋ កុមារ និងយុវវ័យជាង ២ម៉ឺននាក់ ដែលស្ថិតនៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្ត នៅក្នុងរយៈពេលជិត ៧ខែកមកនេះ ក្រោមការយកចិត្តទុកដាក់ពី អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តស្ទឹងត្រែង ជាពិសេស ក្រោមការគិតគូខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា។
អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានបង្ហាញរបាយការណ៍ថា ការគ្រប់គ្រងស្ថិតិកូវីដ-១៩ក្នុងក្រុង នៅក្នុងរយៈពេល ៧ខែនេះ ក្នុងនោះ ការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័ក ចាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ រហូតដល់ថ្ងៃទី២៨សីហាឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កកម្រិត១ ក្នុងក្រុងស្ទឹងត្រែង មានអ្នកធ្វើចត្តាឡីស័ក ១៧៣នាក់ ស្រី ៦៦នាក់ ក្នុងនោះ អ្នកគ្រប់ ១៤ថ្ងៃ ដែលត្រូវចាកចេញពីមណ្ឌលចត្តាឡីស័កទៅផ្ទះវិញ ១៥២នាក់ ស្រី ៦២នាក់ និងកំពុងសម្រាកតាមដានជំងឺ ២១នាក់ ស្រី ០៣នាក់ ,អ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងសង្កាត់ទាំង៤ គឺសង្កាត់ស្ទឹងត្រែង សង្កាត់ព្រះបាទ សង្កាត់ស្រះឬស្សី និងសង្កាត់សាមគ្គី នៃក្រុងស្ទឹងត្រែង មានចំនួន ៥១៦គ្រួសារ ក្នុងនោះ គ្រួសារគ្រប់ ១៤ថ្ងៃ ដែលត្រូវដកផ្លាកចេញ ៣០៩គ្រួសារ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ២០៧គ្រួសារ។
អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានឲ្យដឹងទៀតថា អ្នកធ្វើចត្តាឡីស័កតាមផ្ទះ ចាប់ពីថ្ងៃទី២៤មិថុនា ដល់ថ្ងៃទី២៨សីហាឆ្នាំ២០២១ នៅក្នុងសង្កាត់ទាំង៤ នៃក្រុងស្ទឹងត្រែង មានចំនួន ៤០៨គ្រួសារ ក្នុងនោះ គ្រប់១៤ថ្ងៃ ដែលត្រូវដកផ្លាកចេញ ២០១គ្រួសារ និងកំពុងធ្វើចត្តាឡីស័ក ២០៧គ្រួសារ។ លោកថា ចំពោះអ្នកមានវិជ្ជមានកូវីដ-១៩ ក្នុងក្រុង មានចំនួន ៧១២នាក់ ស្រី ៣៧៦នាក់ អ្នកជាសះស្បើយ ៣៩៤នាក់ ស្រី ៣០៤នាក់ និងកំពុងសម្រាកព្យាលបាល នៅមណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងខេត្ត មានចំនួន ៣១៨នាក់ ស្រី ៧២នាក់។ រីឯការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងក្រុងស្ទឹងត្រែង បានធ្វើឡើងក្នុង ៣ដំណាក់កាល គឺ ១-សម្រាប់មន្ត្រីរាជការ មានចំនួនសរុប ៥ពាន់ ៦៤៧នាក់ ស្រី ២ពាន់ ៥៩៣នាក់ ,២-សម្រាប់ប្រជាពលរដ្ឋ ១ម៉ឺន ៨៩៨នាក់ ស្រី ៥ពាន់ ៧១៤នាក់ និង ៣-ការចាក់វ៉ាក់សាំងចនសុន ៣ពាន់ ៩៣៩នាក់ ស្រី ១ពាន់ ៨២១នាក់។ ដូច្នេះ អ្នកដែលបានចាក់វ៉ាក់សាំងទាំង៣ ដំណាក់កាល មានចំនួន សរុប ២ម៉ឺន ៤៨៤នាក់ ស្រី ១ម៉ឺន ១២៨នាក់។ ដោយឡែក ប្រជាពលរដ្ឋដែលមានវ័យចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួន ១ម៉ឺន ៩ពាន់ ៤៨៤នាក់ ស្រី ១ម៉ឺន ២៧នាក់។
លោក សាយ កុសល បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង គឺលើសផែនការដែលបានគ្រោងទុកចំនួន ១ពាន់នាក់ ស្រី ១០១នាក់ ហើយកត្តាដែលនាំឲ្យលើសផែនការនេះ គឺមកពីការចាក់ជូនប្រជាពលរដ្ឋផ្ទាល់ ទាំងពលរដ្ឋចំណូលស្រុក និងប្រជាពលរដ្ឋដែលត្រូវបានបិទខ្ទប់ទាំងអស់ ក៏ទទួលបានការចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋានក្រុង និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង មិនទាន់បានបិទបញ្ចប់នៅឡើយទេ គឺមានការបន្តចាក់រហូតដល់ថ្ងៃទី៣០សីហាឆ្នាំ២០២១។
អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានបញ្ជាក់ដដែលថា ចំពោះការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៥សីហា ដល់ថ្ងៃទី៣០សីហាឆ្នាំ២០២១ និងតាមផែនការ គឺមានចំនួន សរុប ៤ពាន់ ៧៤២នាក់ ស្រី ២ពាន់ ៣៧៧នាក់។ លោកថា គិតចាប់ពីថ្ងៃទី២៥សីហា ដល់ថ្ងៃទី២៩សីហាឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញ ចាក់បាន ៣ពាន់ ៦៨៦នាក់ ស្រី ១ពាន់ ៨៥២នាក់ នៅសល់ ១ពាន់ ៥៦នាក់ ស្រី ៥២៥នាក់ទៀត ដែលកំពុងបន្តចាក់ រហូតដល់ថ្ងៃដែលបានកំណត់។
លោក សាយ កុសល បានអំពាវនាវដល់មាតា បិតា ដែលជាអាណាព្យាបាល កំពុងរស់នៅក្នុងក្រុងស្ទឹងត្រែងទាំងអស់ ត្រូវរូតរះម្នីម្នានាំកូនចៅរបស់ខ្លួន ដែលស្ថិតក្នុងវ័យ ១២ឆ្នាំ ដល់ ១៧ឆ្នាំ នាំមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ នៃមេរោគកូវីដ១៩ ដែលស្ថិតនៅក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង បានដាក់ចេញការអនុវត្តន៍វិធានការរដ្ឋបាល ដោយសម្រេចបិទខ្ទប់ភូមិសាស្ត្រក្រុងស្ទឹងត្រែង ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៧សីហា ដល់ថ្ងៃទី៣១សីហាឆ្នាំ២០២១ ក្រោយការរកឃើញផ្ទុះមេរោគកូវីដ ប្រភេទ Delta ចំនួន ៩៥នាក់ ដែលធ្វើឲ្យអ្នកឆ្លងកូវីដ១៩ សរុប កើនឡើងដល់ចំនួន ១ពាន់ ០១ (១០០១)នាក់ហើយ នៅថ្ងៃទី៣០សីហាឆ្នាំ២០២១។ការសម្រេចបិទខ្ទប់ក្រុងស្ទឹងត្រែង ជាបណ្តោះអាសន្នរបស់អាជ្ញាធរខេត្ត ដែលមានរយៈពេលរហូតដល់ ២សប្តាហ៍នោះ គឺក្នុងគោលបំណងពង្រឹងការទប់ស្កាត់ ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ពិសេស កូវីដប្រភេទថ្មី Delta និងដើម្បីធានាដល់សុខមាលភាពសាធារណៈ ជូនដល់ប្រជាពលរដ្ឋ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ភាគឥសាន្តកម្ពុជា៕ដោយ៖ ឡុង សំបូរ