ពលរដ្ឋលើកគ្នាមកសុំខេត្តអោយជួយព្រោះសំណុំរឿងប៉ះពាល់កម្មសិទ្ធិដីប្លង់រឹងនៅភ្នំព្រះស្រុកថ្មពួក តែមន្ត្រីថានៅដៃតុលាការ

បន្ទាយមានជ័យ៖ករណីពលរដ្ឋលើកគ្នាមកសុំខេត្តជួយអន្តរាគមន៍ ព្រោះសំណុំរឿងប៉ះពាល់កម្មសិទ្ធិដីមានប័ណ្ណសម្គាល់សិទ្ធិលើអចលនវត្ថុឬប្លង់រឹងនៅភ្នំព្រះស្រុកថ្មពួកមន្ត្រីអាជ្ញាធរខេត្តបន្ទាយមានជ័យនិងស្រុកថ្មពួកថា មិនអាចដោះស្រាយបាន នោះនៅដៃតុលាការ ។

លោកអ៊ិន ផាត នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តបន្ទាយមានជ័យ ក៏ដូចលោកអែម សុខា អភិបាលស្រុកថ្មពួកអោយដឹងដូចខាងលើកាលពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០២១ បន្ទាប់ពីបានជួបប្រជុំជាមួយអ្នកតំណាងពលរដ្ឋតវ៉ានាសាលាខេត្ត ។ ។

លោកបានបញ្ជាក់ថា ៖ សំណុំរឿងទំនាស់ដីធ្លីនោះកើតឡើងក្រោយការបញ្ជប់យុទ្ធនាការក្រុមមន្ត្រីបច្ចេកទេសវាស់វែងដីធ្លី និងយុវជនស្ម័គ្រចិត្តសម្តេចតេជោហ៊ុន សែននិងព្រមទាំងអាជ្ញាធរអនុវត្តគោលនយោបាយសកម្មភាពថ្មីរបស់រាជរដ្ឋាភិបាលក្នុងបទបញ្ជា០១ បប ថ្ងៃទី៧ខែឧសភាឆ្នាំ២០១២ឆ្នាំ២០១២ វាស់វែងដីធ្លីប៉ះពាល់គម្របព្រៃឈើឆ្នាំ២០០២ ជូនបងប្អូនប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងលើការកាន់កាប់ដោយខុសច្បាប់ដីគម្របព្រៃឈើរដ្ឋ។

ប៉ុន្តែពលរដ្ឋដែលលើកគ្នាតវ៉ាទាំងនេះ មិនស្ថិតក្នុងបញ្ជីឈ្មោះពលរដ្ឋជាអ្នកមានសិទ្ធិប្តឹងជំទាស់នឹងការចេញប័ណ្ណ ទៅក្រុមការងារវាស់វែងនិងយុវជនស្ម័គ្រចិត្តសម្តេចតេជោឡើយ ។
ពួកគេក្រុមចលនាថ្មីដែលលើកគ្នាចូលទៅទន្ទ្រានភ្ជួររាស់ ដាំដុះលើដីមានម្ចាស់កម្មសិទ្ធិរួចទៅហើយ។

សូមរំលឹកថា កាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០២១ ពលរដ្ឋមួយចំនួន ក្នុងចំណោម១០០នាក់ ដែលអះអាងថា មកពីភូមិស្វាយឃុំថ្មពួក ,ពីភូមិគោកស្វាយ ,ភូមិកាប់ចោរឃុំភូមិថ្មីស្រុកថ្មពួក បានលើកគ្នាមកមុខតុលាការ រួចលើបដា ដើរជាក្បួនដង្ហែគ្នាមកមុខសាលាខេត្តបន្ទាយមានជ័យទៀត ។
បំណងពួកគេគឺសុំអន្តរគមន៍ សុំតុលាការកុំចាប់ឃុំខ្លួនសមាជិកខ្លួន ដាក់ពន្ធនាគារផងនិងសុំអាជ្ញាធរខេត្តដោះស្រាយរឿងទំនាស់ដីធ្លីជូនពួកគាត់ផង ។

ពួកគាត់មកដូច្នេះ គឺនៅពេលបានកោះហៅអោយចូលបំភ្លឺក្នុងសំណុំរឿងព្រហ្មទ័ណ្ឌបទប៉ះពាល់កម្មសិទ្ធិឯកជននិងបំផ្លិចបំផ្លាញ (យកត្រាក់ទ័រភ្ជួរដីនិងធ្វើអោយខូចខាតផលដំណាំ) កាលពីថ្ងៃទី១ខែឧសភាឆ្នាំ២០២១ ។

ចុងចម្លើយដែលអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យកោះហៅមកបំភ្លឺនោះ រួមមាន ៖ ១/ ឈ្មោះផល ចម ភេទស្រីអាយុ៦៤ឆ្នាំ ។២/ឈ្មោះផល ជួត ភេទស្រីអាយុ៦៧ឆ្នាំ ។៣/ឈ្មោះ ផល ជុំ ភេទស្រីអាយុ៧៤ឆ្នាំ ។៤/ឈ្មោះសំ វុត្ថា ភេទប្រុសអាយុ៥៨ឆ្នាំ ។៥/ឈ្មោះរាំុង ស្រៀវ ភេទប្រុសអាយុ៤២ឆ្នាំ ។៦/ ឈ្មោះវុធ រ៉ាវី ភេទប្រុសអាយុ៣០ឆ្នាំ ។៧/ ឈ្មោញមឹុក ជិត ភេទប្រុស អាយុ៤៨ឆ្នាំ ។៨/ឈ្មោះឈួង សាវុធ ភេទប្រុស ។ទាំងអស់គ្នារស់នៅភូមិស្វាយឃុំថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យនិង៩/រួមនឹងបក្ខពួក រស់នៅភូមិស្វាយឃំថ្មពួកនិងនៅភូមិគោកស្វាយ ភូមិកាប់ចោរឃុំភូមិថ្មីស្រុកថ្មពួក ។

ពួកគេបានប្រាប់ថា បំណងដែលលើកគ្នាមកតវ៉ានិងសុំអន្តរាគមន៍ដោះស្រាយលើកនេះគឺក្នុងនាមពលរដ្ឋចំនួន១៧០គ្រួសារ រស់នៅភូមិស្វាយឃំថ្មពួកនិងភូមិគោកស្វាយ ភូមិកាប់ចោរឃុំភូមិថ្មីស្រុកថ្មពួក ទាមទារដីមានប័ណ្ណសម្គាល់កម្មសិទ្ធិចំនួន៥៣ក្បាលដី (ចម្ការ) ដែលមានទំហំ២៩៣,១៤ហិចតា ស្ថិតនៅភូមិស្វាយឃុំថ្មពួកស្រុកថ្មពួក ដែលពួកគាត់បានអាស្រ័យផល កាន់កាប់រហូតមក តែត្រូវក្រុមហ៊ុនលោកលី សំអាន ដែលប្រើឈ្មោះមនុស្ស១៤គ្រួសារ រំលោភយកអស់ទាំងស្រុងនៅឆ្នាំ២០១៦ ។

តំណាងពលរដ្ឋបានបន្តថា ៖ ដីនោះ ជាដីរដ្ឋនិងជាដីកេរដូនតារបស់ពួកគាត់ ហេតុអ្វីក៏មានក្រុមហ៊ុនឬអ្នកផ្សេងទៅធ្វើប្លង់រឹងក្នុងពេលយុវជនស្ម័គ្រចិត្តសម្តេចតេជោចុះវាស់វែងយកទៅវិញ ។
ហេតុនេះ ពួកគាត់ចង់មករកជួបលោកអភិបាលខេត្ត ,លោកលី សារី អតីតប្រធានមន្ទីររៀបចំដែនដីនិងក្រុមការងារយុវនិស្សិតឬមន្ត្រីមុខណាដែលធ្វើប្លង់យកដីនោះ?

ករណីនេះ លោកអ៊ិន ផាត ក៏ដូចលោកអែម សុខា បានជម្រាបពលរដ្ឋថា ៖ រឿងវិវាទដីធ្លីនេះ មានប្រវត្តិនិងដំណើរការដោះស្រាយដោយសំអាងលើអង្គហេតុនិងអង្គច្បាប់ជាបន្តបន្ទាប់តាំងពីមូលដ្ឋានដល់ថ្នាក់ជាតិ ហើយរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងស្ថាប័ន អាជ្ញាធរនិងជំនាញពាក់ព័ន្ធក៏បានដោះស្រាយចប់សព្វគ្រប់ហើយដែររវាងពលរដ្ឋ១៤គ្រួសារ(ម្ចាស់ប្លង់កម្មសិទ្ធុិ)និងពលរដ្ឋ១៧០គ្រួសារ តាមរយៈតំណាងស្របច្បាប់និងមានសិទ្ធិជំទាស់នឹងការបំពេញសលាតាកប័ត្រ ការវាស់វែងដី ការបិទផ្សាយឯកសារវិនិច្ឆ័យទិន្នន័យក្បាលដីនិងការចេញប័ណ្ណសម្គាល់កម្មសិទ្ធិ ។

សួមរំលឹកពីប្រវត្តិវិវាទដែរថា ៖ ក្នុងប្រតិបត្តិការអនុវត្ត ៉គោលនយោបាយចាស់ សកម្មភាពថ្មី៉លើបទបញ្ជាលេខ០១បបចុះថ្ងៃទី៧ខែឧសភាឆ្នាំ២០១២ របសរាជរដ្ឋាភិបាល ក្រុមមន្ត្រីបច្ចេកទេសវាស់វែងដីធ្លី ដោយមានក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោចូលរួមផង បានចុះវាស់វែងក្បាលដីដែលពលរដ្ឋបានកាន់កាប់និងដាំដុះជាក់ស្តែងនៅតំបន់វិនិច្ឆ័យភូមិស្វាយឃុំថ្មពួកស្រុកថ្មពួក មានចំនួន៣០៧ក្បាលដី មានផ្ទៃដីសរុបទំហំ៨៨៦,៨៩ហិចតា ស្មើនឹង១៩០គ្រួសារ ។
ក្នុងនោះមាន ៦ក្បាលដី ជាដីគ្មានទិន្នន័យនិង៥៣ក្បាលដី ជាដីទំនាស់ ។

តាមការអង្កេតស្រាវជ្រាវរបស់គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តបន្ទាយមានជ័យ ក្នុងរបាយការណ៍ចុះថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៤ បានបញ្ជាក់ថា ៖ ក្រុមហ៊ុនលី សំអាន ពុំមានពាក់ព័ន្ធនឹងវិវាទដីធ្លីនេះឡើយ ។ឯដី៥៣ក្បាលដីនោះ មានឈ្មោះម្ចាស់ដី១៤គ្រួសារ ដោយឡែក ។

គណៈកម្មាធិការនោះ ក៏បានសន្និដ្ឋាននិងសម្រេចថា ដើមមានឈ្មោះខាងលើតំណាងអោយពលរដ្ឋ៣៥គ្រួសារនិងនិតិបុគ្គលរបស់រដ្ឋបាលព្រៃឈើ ជាបណ្តឹងមិនត្រឹមត្រូវ ត្រូវច្រានចោលតាមនិតិវិធី ។
ហើយផ្តលអាទិភាពអោយពលរដ្ឋ១៤គ្រួសារបានកាន់កាប់ គ្រប់គ្រង ប្រើប្រាស់ជាភោគីស្របច្បាប់និងមានសិទ្ធិស្នើសុំចុះបញ្ជីដីធ្លី(ធ្វើប្លង់) តាមនិតិវិធីបទដ្ឋានគតិយុត្តិនិងច្បាប់កំណត់ ។

តមក គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តបន្ទាយមានជ័យក៏បានធ្វើលិខិតគោរពជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីចុះថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៥ ដើម្បីផ្តល់សិទ្ធិជាកម្មសិទ្ធិលើដី៥៣ក្បាលដីពលរដ្ឋ១៤គ្រួសារ ។

ហើយសម្តេចនាយករដ្ឋមន្ត្រី ថ្ងៃទី២ខែធ្នូឆ្នាំ២០១៥ បានចារបញ្ជូនអោយទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងរៀបចំដែនដី នគរោបនីយកម្មនិងសំណង់ផ្តល់កម្មសិទ្ធិ(ធ្វើប្លងរឹង) ជូនពលរដ្ឋ១៤គ្រួសារលើដីកសិកម្មចំនួន៥៣ក្បាលដីនៅភូមិស្វាយឃុំ/ស្រុកថ្មពួកនោះ ។

ចំណែកពលរដ្ឋនិងតំណាងដែលលើកគ្នាមកតវ៉ា ទាមទារនិងសុំអន្តរគមន៍ដោះស្រាយនាពេលខាងលើ មិនមានឈ្មោះក្នុងដើមបណ្តឹង គ្មានសិទ្ធិ ហើយជាក្រុមបង្កចលនាថ្មី ជាអ្នកបង្កមូលផ្តុំគ្នាទៅចាប់យកដីមានម្ចាស់ទៅវិញទេ ។

ជាងនេះទៅទៀត អ្នកតំណាងចាស់(មានឈ្មោះខាងលើ) នៃពលរដ្ឋ១៧០គ្រួសារដូចខាងលើ ក៏សុំបញ្ឈប់ប្តឹងតវ៉ា ចំពោះមុខអាជ្ញាធរស្រុកថ្មពួកចុះថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៥ ។

និងអ្នកតំណាងថ្មី ( ឈ្មោះសំ វុត្ថា ,ឃាម យឺន )ក៏ធ្វើពាក្យទៅក្រសួងរៀបចំដែនដី នគរោបនីកម្មនិងសំណង់រ ចុះថ្ងៃទី២៧ខែមីនាឆ្នាំ២០១៧ បដិសេធនិងលាលែងពីតំណាងពលរដ្ឋ១៧០គ្រួសារនោះដែបន្ថែមលើនោះ តំណាងថ្មីនៃពលរដ្ឋ១៧០គ្រួសារ(មានឈ្មោះសាម ម៉ាប់ ,ប្រាត ឆឺត ,សួង សឿត ,សឿត ញ៉ាន ,ហួន មុន្នី ,យ៉ាន សាម៉េត)ក៏បានធ្វើកិច្ចព្រមព្រៀងចុះថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៩ស្តីពីការបញ្ចប់ទំនាស់ដីធ្លីរវាងពលរដ្ឋ១៤គ្រួសារតំណាងដោយឈ្មោះមាន មុឺន និងពលរដ្ឋ១៧០គ្រួសារ ដែលតំណាងដោយពួកខ្លួន៦នាក់ ចំពោះមុខលោកដា ឈាន មេឃុំថ្មពួកផងដែរ ។ពួកគេ បានសុំឈប់ឬលាលែងពីតំណាងថ្មីនោះ មកពីធុញទ្រាន់នឹងបណ្តឹងកោះហៅ និងមើលឃើញអង្គហេតុនិងអង្គច្បាប់ថា មិនអាចទៅរួច ។

ប៉ុន្តែដោយក្បត់កិច្ចសន្យារបស់ខ្លួន ឈ្មោះសំ វុត្ថានិងឈ្មោះ រាំុង ស្រៀវ បានវិលមកធ្វើតំណាងថ្មីរបស់ពលរដ្ឋ ហើយដឹកនាំពលរដ្ឋមកតវ៉ា ទាមទារឡើងវិញ ។

លោកស៊ុ ច័ន្ទគា អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ មន្ត្រីីអាជ្ញាធរនិងជំនាញគួរតែស៊ើបអង្កេតពីភាពមិន ប្រក្រតីនៃការចេញប័ណ្ណកម្មសិទ្ធិឬប្លង់រឹងនោះឡើងវិញ ដើម្បីអោយពលរដ្ឋតវ៉ាអស់ចិត្តនឹងទំនាស់ដ៏រាំុរ៉ៃនិងបើអាច នឹងទទួលបានយុត្តិធម៌ ក៏ដូចជាបានដីស្រែចម្ការបង្កបង្កើនផល ៕ដោយ៖ ឃិន គន្ធា