ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱសានវាទ ឲ្យអ្នកប្រើប្រាស់រថយន្តជ្រកក្រោមស្លាកលេខ ខេមរភូមិន្ទ នគរបាល និងស្លាកលេខរដ្ឋ ចូលទៅបង់ពន្ធជូនរដ្ឋ

0

រាជធានីភ្នំពេញ៖ សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ ដាក់ឱសានវាទដល់អ្នកដែលប្រើប្រាស់រថយន្តពាក់ស្លាលលេខក្រសួង ស្ថាប័នរដ្ឋ ពិសេស ស្លាកលេខ ខេមរភូមិន្ទ និងស្លាកលេខ នគរបាល ត្រូវតែចូលខ្លួនទៅបំពេញបែបទបង់ពន្ធ អាករនាំចូលតាមច្បាប់គយ និងរដ្ឋាករឲ្យបានត្រឹមខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ។ ចំណែក អ្នកគេចវេសមិនចូលទៅបង់ពន្ធ ពេលចាប់បាន ត្រូវកម្ទេច ឬដោះបំបែកចោល នោះហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខ ៤៨២ ស.ជ.ណ ដែលជម្រាបមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសេចក្តីជូនដំណឹងរបស់ទីស្តីការគណរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានកំណត់ថា គ្រប់ក្រសួង និងស្ថាប័ន ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវច្បាប់ និងគោលនយោបាយ ហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កូតស្ដាំ លើកលែងតែមានការអនុញ្ញាតិពី រាជរដ្ឋាភិបាល ជាលក្ខណៈពិសេស ដូចជា រថយន្តពន្លត់អគ្គីភ័យ និងរថយន្តដឹកសំរាម ជាដើម។ដោយមិនត្រូវពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ក្នុងទម្រង់ណាមួយ ដើម្បីទទួលស្គាល់រថយន្តចង្កូតស្ដាំ ដែលជារថយន្តខុសច្បាប់នោះទេ ក្នុងករណីរកឃើញបុគ្គលណាពាក់ព័ន្ធត្រង់ចំណុចនេះ បុគ្គលនោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន។

ដោយឡែក រថយន្តចង្កូតស្ដាំ ដែលមាននៅក្នុងស្រុកស្រាប់ គឺត្រូវបង់ពន្ធនាំចូលជាលើកចុងក្រោយ ប៉ុន្តែ ត្រូវកែចង្កូតពីស្ដាំមកឆ្វេង ដើម្បីស្របតាមច្បាប់ចរាចរណ៍នៅកម្ពុជា។ រីឯការអនុញ្ញាតនេះមានឱសានវាទ ត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២១ ប៉ុណ្ណោះ។ បន្ទាប់ពីនោះ រថយន្តចង្កូតស្ដាំ ដែលត្រូវបង្ក្រាបបាន នឹងត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោលតែម្ដង៕