ថ្នាក់ដឹកនាំកងពលតូចលេខ៨ នាំយកអំណោយសប្បុរសធម៌ ឧបត្ថម្ភដល់អាជ្ញាធរស្រុកចំនួនពីរ ក្នុងខេត្តឧត្តមានជ័យ

ព្រះវិហារ៖ អំណោយសប្បុរសធម៌ របស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ត្រូវបានលោក ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នាំយកទៅជួយឧបត្ថម្ភដល់អាជ្ញាធរស្រុកចំនួនពីរ ក្នុងខេត្តឧត្តមានជ័យ។ ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ និងលោកមេបញ្ជាការ លោកមេបញ្ជាការរង នៃវរសេនាតូចទាំងប្រាំចំណុះ ឲ្យអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ទាំងមូល។

ថ្លែងនៅក្នុងឱកាសផ្តល់អំណោយសប្បុរសធម៌ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន សូមធ្វើការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ នាយ ពលទាហាន ទាំងអស់ ទាំងនៅក្នុងទីបញ្ជាការ ក៏ដូចជានៅតាមបណ្តាវរសេនាតូចទាំងប្រាំចំណុះ ដែលបានលះបង់ នូវថវិកា ក៏ដូចជាគ្រឿងឧបភោគបរិភោគ ចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈថ្នាក់ដឹកនាំមូលដ្ឋាន សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅទូទាំងខេត្តឧត្តមានជ័យ។

លោកមេបញ្ជាការ បានថ្លែងទៀតថា ការចូលរួមបរិច្ចាគថវិកា ព្រមជាមួយនឹងគ្រឿងឧបភោគបរិភោគ របស់សប្បុរសធម៌ បានបង្ហាញឲ្យឃើញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងរាលដាល។

សូមបញ្ជាក់ថា អំណោយដែលយកទៅជួយឧបត្ថម្ភដល់រដ្ឋបាលស្រុកទាំងពីរនាពេលនោះ រួមមាន៖ អង្ករ ចំនួន ២តោន, មី ចំនួន ១៤០កេះ, ត្រីខ ចំនួន ១កេះ, និងថវិកា ចំនួន ២លានរៀល។

ក្នុងនោះ៖ ស្រុកត្រពាំងប្រាសាទ ទទួលបាន អង្ករ ចំនួន ១តោន, មី ចំនួន ៦០កេះ, ត្រីខ ចំនួន ១កេះ, និងថវិកា ចំនួន ១លានរៀល។ ស្រុកអន្លង់វែង ទទួលបាន អង្ករ ចំនួន ១តោន, មី ចំនួន ៨០កេះ, និងថវិកា ចំនួន ១លានរៀល៕សួនលីណា