នគរបាលកំពុងស៊ើបអង្កេតបណ្តឹងចោទប្រកាន់អនុភូមិតេជោភ្នំឆ័ត្ររំលោភកុមារីជាកូនអតីតយុទ្ធជន

បន្ទាយមានជ័យ ៖បណ្តឹងចោទប្រកាន់លើលោកអនុភូមិតេជោភ្នំឆ័ត្រឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ថាបានលួងលោមរំលោភកុមារីអាយុ១៤ឆ្នាំ ជាកូនស្រីរបស់អតីតយុទ្ធជនក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ។
ករណីនេះ មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការអនិតិជនខេត្ត ថាកំពុងសើុបអង្កេត ប្រមូលវត្ថុតាង។
ចំណែកលោកអនុភូមិបានបដិសេធទាំងស្រុងលើកការចោទប្រកាន់នេះ ហើយថា មានអ្នកពីក្រោយខ្នងបំប៉ោងរឿងនេះឡើងដើម្បីចង់បានតំណែងអនុភូមិរបស់លោកនិងសម្លាប់អំពើល្អ ក៏ដូចកិត្តយសលោក ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់កាលពីដើមខែកញ្ញាថា៖ ករណីក្មេងស្រី និងម្តាយបានប្តឹងចោទប្រកាន់លោកអនុភូមិតេជោភ្នំឆ័ត្រថាបានរំលោភសេពសន្ធវៈឬត្រឹមបៀតបៀនកេរខ្មាសនោះ បានដាក់ពាក្យបណ្តឹងទៅលោកស្រីមេឃំុស្វាយចេក រួចទើបទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក តាំងពីថ្ងៃទី១៩ ម្តងនិង២៧ខែកក្កដា ឆ្នាំ២០២១ ។ហើយអធិការដ្ឋាន នគរបាលស្រុកស្វាយចេក បានបញ្ជូនសំណុំរឿងមកជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាន កាលពីចុងខែសីហា ។
លោកស្រីស្នងការរងបានបន្តថា ៖ ដូច្នេះចំពោះសំណុំរឿងនេះ នគរបាលជំនាញបាននឹងកំពុងបើកការស៊ើបអង្កេត និងប្រមូលវត្ថុតាង ក៏ដូចជាធាតុផ្សំអង្គហេតុនិងអង្គច្បាប់ដើម្បីបន្តតាមនីតិវិធី មុននឹងបញ្ជូនទៅតុលាការ ។
តាមពាក្យបណ្តឹង និងការផ្តល់សម្ភាសន៍ក្រុមអ្នកយកព័តមាន អ្នកស្រី វ៉ា សុខជា អាយុ៤៥ឆ្នាំ រស់នៅភូមិតេជោភ្នំឆ័ត្រឃុំ/ស្រុកស្វាយចេក បានអោយដឹងថា ៖ អ្នកស្រីមានពិការដៃពីកំណើត ហើយក្លាយជាប្រពន្ធចុងរបស់ឈ្មោះ អៀម អុន អាយុ៥១ឆ្នាំ ពិការជើងម្ខាង ជាអតីតសេនាជនពីឃុំតាលោស្រុកបាកាន(សព្វថ្ងៃស្រុកតាលោសែនជ័យ)ខេត្តពោធិសាត់។[Forwarded from Kunthea Khin]
ពួកគាត់បានជួបគ្នាពេលដើរសុំទាននៅប្រទេសថៃ ហើយក៏ទទួលគ្នាជាប្តីប្រពន្ធចិត្តឯង ដោយផ្តល់កំណើតដល់កូន២នាក់(ស្រីបង ប្រុសប្អូនអាយុ១០ឆ្នាំ) សម្រាប់ចំណងស្នេហាឆ្លងដែន។
ឥឡូវនេះ ចំពោះកូនស្រី នាងមានអាយុ១៤ឆ្នាំហើយ ។
អ្នកស្រីនិងប្តីបានវិលពីប្រទេសថៃ ហើយចូលមករស់នៅលើដីនិងផ្ទះរបបគោលនយោបាយរាជរដ្ឋាភិបាលនៅក្នុងមណ្ឌលរបស់ប្តីក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រនៅឆ្នាំ២០១៩ ។ពោលគឺក្រោយពីប្រពន្ធដើមបានចែកផ្លូវគ្នាជាមួយប្តីអ្នកស្រី ។
អ្នកស្រី វ៉ា សុខជា បានបន្តថា ៖ ប៉ុន្តែគិតពីឆ្នាំដដែលនោះ(២០១៩ ដល់ឆ្នាំ២០២១ ) អ្នកស្រីនិងកូន២នាក់ បានចេញ ចូលនិងរស់នៅបម្រើក្នុងគ្រួសារលោកអនុប្រធានភូមិតេជោភ្នំឆ័ត្រ ឈ្មោះសុខ ប៊ុន្នី ។
បើសិនពេលណាអ្នកស្រីទៅលេងប្តីនៅប្រទេសថៃ អ្នកស្រីបានផ្ញើកូនទាំង២នាក់ អោយគ្រួសារលោកអនុភូមិជួយមើលថែបីបាច់ ។
គ្រួសារអ្នកស្រីបានគោរពដឹងគុណគ្រួសារលោកអនុភូមិណាស់។ ហើយពីនោះមក ក៏គ្មានរឿងអ្វីល្អក់កករនឹងគ្នាដែរ។
ប៉ុន្តែចុងក្រោយ ក៏បែកធ្លាយរឿងសោកសៅចេញមក ។ដោយកូនស្រីរបស់អ្នកស្រី បានប្រាប់ថា លោកអនុភូមិតេជោភ្នំឆ័ត្រ បានធ្វើសកម្មភាពល្បួងលួងលោមនិងចាប់បង្ខំនាំទៅរំលោភនាងរហូតបានសម្រេច ។
ដោយយំសោក អណ្តឺតអណ្តក់ផង អ្នកស្រីបានរៀបរាប់ថា៖ ពីដំបូងៗ អ្នកស្រីមិនជឿលើសំដីកូនស្រីឡើយ។ព្រោះតែលោកអនុភូមិនិងក្រុមគ្រួសារ ល្អ គួរអោយជឿជាក់ ទុកចិត្តនិងកក់ក្តៅណាស់ទាំងការនិយាយ ចរឹកឬកពានិងសកម្មភាពនានា ។
តែពេលរឿងនេះបានបែកធ្លាយ ហើយចម្រូងចម្រាសនិងតឹងតែងខ្លាំងគឺវាបានកើតឡើងនៅពេលដែលកូនស្រីរបស់អ្នកស្រី មានចាស់ទុំនិងមូនកម្លោះម្នាក់មកពីក្រៅភូមិ បានចូលស្តីដណ្តឹងនិងព្រមព្រៀងរៀបចំសែនព្រេននៅថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ កន្លងមក។
រឿងនេះបានផ្ទុះនិងស្មុគ្រស្មាញឡើងៗ នៅពេលលោកអនុភូមិឈ្មោះ សុខ ប៊ុន្នី នេះ បានរារាំងដាច់អហង្ការមិនឲ្យមានការសែនព្រេន។ជាងនេះទៅទៀត លោកអនុភូមិបានអន្តរាគមន៍ទៅលោកឧត្តមសេនីយ៍ទោអ៊ុត សំអាត ប្រធានមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ លោកឧត្តមសេនីយ៍ត្រីថៃ សុវណ្ណ (ស្តីទី) ប្រចាំការ ដែលបានបញ្ជាឲ្យកម្លាំងប្រជាការពារភូមិចំនួន២នាក់ (ឈ្មោះចក់ទីន ប្រធាននិងឈ្មោះញ៉ែម សុភាព សមាជិក) ទៅហាមឃាត់ក្រុមគ្រួសារអ្នកស្រីមិនឲ្យធ្វើពិធីសែនព្រេននោះឡើយ ដោយពន្យល់ថា ថា ក្មេងស្រីរងគ្រោះមិនទាន់គ្រប់អាយុ ។
អ្នកស្រីបន្តថា ៖ បើតាមកូនស្រីប្រាប់ គឺនាងនិងកូនប្រុសដែលចូលស្តីដណ្តឹងនោះ ក៏បានមានចិត្តស្រឡាញ់គ្នា ហើយចង់បានគ្នាជាប្តីប្រពន្ធណាស់។ប៉ុន្តែដោយមានការរារាំងពីខ្លាំងពីលោកអនុភូមិនោះ ទើបនាងព្រមទម្លាយរឿងអាស្រូវផ្លូវភេទ ការណ៍ដែលលោកអនុភូមិឈ្មោះសុខ ប៊ុន្នី រូបនេះ ធ្លាប់បានចាប់នាងរំលោភនៅខាងក្រោយផ្ទះបានសម្រេច ហើយបានអោយលុយចំនួន៥០,០០០រៀលដល់នាង។
ហើយបានលួងអង្វរផង គម្រាមផងថា កុំមិនឲ្យនាងនិយាយប្រាប់ម្តាយ ឬអ្នកជិតខាងឲ្យសោះ ហើយលោកអនុភូមិបានសន្យាថា នឹងយកនាងធ្វើជាប្រពន្ធ ចុងឬក៏អោយលុយកាក់អោយសមតាមចិត្តចង់បាន ។….មានភាគបន្ត….។ដោយឃិន គន្ធា