ឧត្តមសេនីយ៍ត្រី ភោក សៅបានអនុវត្តនៅគោលការណ៍យ៉ាងម៉ឺងម៉ាត់ មានភាពទទួលខុសត្រូវខ្ពស់

ព្រះវិហារ៖ ឧត្តមសេនីយ៍ត្រី ភោក សៅ មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៨ បានលើកឡើងថា៖ យោធិនគ្រប់លំដាប់ថ្នាក់ នៅក្នុងអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៨១ ត្រូវតែអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ នូវតួនាទី និងភារកិច្ច ដែលអង្គភាពទទួលខុសត្រូវ រក្សាឲ្យបានដាច់ខាតសាមគ្គីភាពផ្ទៃក្នុង ខិតខំប្រឹងប្រែងរួមគ្នាកសាងអង្គភាព ឲ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ។

ការលើកឡើងរបស់ឧត្តមសេនីយ៍ត្រី ភោក សៅ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍គ្រប់ផ្នែក នៅក្នុងអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៨១ កាលពីព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ ។ ដើម្បីផ្ទេរប្រគល់ឲ្យទៅ លោកមេបញ្ជាការស្តីទី គ្រប់គ្រងបន្ត ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់លោក វរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងលោកមេបញ្ជាការ លោកមេបញ្ជាការរង មកពីបណ្តាការិយាល័យជំនាញពាក់ព័ន្ធទាំងអស់ ។

មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៨ ឧត្តមសេនីយ៍ត្រី ភោក សៅ បានបញ្ជាក់ថា៖ «មិនថាយោធិនមានឋានន្តរស័ក្តិ ថ្នាក់ណានោះទេ បើធ្វើឲ្យខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ រួមនៅក្នុងអង្គភាព គឺត្រូវតែទទួលខុសត្រូវដោយខ្លួនឯងដោយមិនលើកលែង» ។ ព្រោះការត្រួតពិនិត្យរបាយការណ៍មិនមែនត្រឹមតែថ្នាក់វរ ឬកងពលតូចនោះទេ គឺវាមានការពិនិត្យឯកភាពតាំងពីក្រោមរហូតដល់ទៅលើ ។ លោកមេបញ្ជាការរង បានបញ្ជាក់ឲ្យដឹងដែរថា៖ ចំពោះរបាយការណ៍គ្រប់គ្រងលើសម្ភារៈគ្រប់ប្រភេទ យើងបានឯកភាពរួចរាល់អស់ហើយដែរ ក្រោមការឯកភាព និងសម្រេចពីថ្នាក់ដឹកនាំកងទ័ពជើងគោក ។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ត្រី ភោក សៅ ក៏បានសំណូមពរដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ដោយប្រកាន់យកការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនិងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារកិច្ចឲ្យបានល្អ តាមបទបញ្ជា និងតាមការណែនាំដែលថ្នាក់លើបានប្រគល់ជូន ក្នុងនាមកងយោធពលខេមរភូមិន្ទ ៕ សួនលីណា