យោធិនចូលចូលនិវត្តន៍ និងយោធិនពិការ ចំនួន ១៣២នាក់ កងពលធំអន្តរាគមន៍លេខ៣ ត្រូវបានផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងផែនការឆ្នាំ២០២១

ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញជាអធិបតី បំពាក់ឋានន្តរសក្តិ ជូនយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ សរុបចំនួន១៣២នាក់ ត្រូវផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវតិសម្បទា ក្នុងផែនការឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក គន់ ប៊ុនប៉ាក់ នាយការិយាល័យទី១ កងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងរាយការណ៍ជូនគណៈអធិបតី ក៏ជាអង្គពិធីទាំងមូលថា៖ ក្នុងផែនការឆ្នាំ២០២១នេះ យោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ និងយោធិនពិការ មានចំនួនសរុប ១៣២នាក់។ នៅក្នុង ១៣២នាក់នេះ យោធិនចូលសោធននិវត្តន៍មានចំនួន ៩១នាក់ និងយោធិនពិការចំនួន ៤១នាក់។ ថ្នាក់ឧត្តមសេនីយ៍ឯក ៤រូប, ឧត្តមសេនីយ៍ទោ ៣រូប, ឧត្តមសេនីយ៍ត្រី ១រូប, វរសេនីយ៍ឯក ៦រូប, វរសេនីយ៍ទោ ១៨រូប, វរសេនីយ៍ត្រី ១០រូប, អនុសេនីយ៍ឯក ១១រូប, អនុសេនីយ៍ទោ ៩រូប, អនុសេនីយ៍ត្រី ១៥រូប, នាយចំណង់ ៥៤រូប, ពលបាលឯក ចំនួន១រូប ។

ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មានប្រសាសន៍ថា ៤០ឆ្នាំកន្លងមកនេះ នាយទាហាន នាយទាហានរង និងពលទាហាន ដែលត្រូវបានដាក់ឲ្យចូលសោធននិវត្តន៍ និងពិការ បានធ្វើពលិកម្មយ៉ាងច្រើន ក្នុងការបំពេញភារកិច្ច ចាប់ពីរំដោះប្រទេសជាតិ និងទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ជាពិសេសបានចូលរួមយ៉ាងសកម្មជាប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញនាពេលនេះ។  បើទោះបីជាបងប្អូនត្រូវផ្ទេរចេញពីក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្តី គំរូវីរភាពដ៏ល្អផូរផង់នេះនឹងបានដិតជាប់ក្នុងក្រឳបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។ 

ថ្វីត្បិត ឯកឧត្តម អស់លោក បានចេញពីជួរកងយោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនអតីតយុទ្ធជនជានិច្ច។

ជាចុងក្រោយឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក៏បានធ្វើការសំណូមពរទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអង្គភាពទាំងអស់ ត្រូវខិតខំយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ ចំពោះសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនយោធិន រួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាព ចូលរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែសម្បូរសប្បាយជឿនលឿនថែមទៀត៕សួនលីណា