សមត្ថកិច្ចបង្ក្រាបគ្រឿងចក្រ និងឃាត់ខ្លួនមនុស្ស ៣នាក់ពាក់ព័ន្ធការកាយនិងដឹកថ្មភ្នំគ្មានច្បាប់អនុញ្ញាតិ

កំពង់ឆ្នាំង៖ ដោយមានការអនុញ្ញាតពីលោក ឧត្តម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង និងមានការដឹកនាំបញ្ជាផ្ទាល់ ដោយឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ១៤:៣០ នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយា ល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តចំនួន០៥នាក់ មធ្យោបាយបាឡាស្មាច់ចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារយុត្តិធម៌ បានចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជលគីរី ចុះបង្ក្រាបគ្រឿងចក្រ និងឃាត់ខ្លួនមនុស្សទាំងម្ចាស់គ្រឿងចក្រ មេការ និងកម្មករ ធ្វើសកម្មភាពជីកកាយ និងដឹកថ្មភ្នំគ្មានច្បាប់អនុញ្ញាតិ ។

លោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារយុត្តិធម៌ បានឲ្យដឹងថាការចុះបង្ក្រាបខាងលើនេះយោងបទល្មើសជាក់ស្ដែង បានធ្វើការឃាត់ខ្លួនជនសង្ស័យជាម្ចាស់គ្រឿងចក្រ មេការ និងកម្មករ ចំនួន០៩នាក់ និងគ្រឿងចក្រចំនួន០៥ គ្រឿង ដែលពាក់ព័ន្ធក្នុងករណីជីកយកថ្មភ្នំគ្មានច្បាប់អនុញ្ញាត ត្រង់ចំណុចភ្នំធំ ស្ថិតនៅក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន៖១-ឈ្មោះ ចាន់ សុខន ភេទប្រុស អាយុ៦០ឆ្នាំជាម្ចាស់គ្រឿងចក្រ 

រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ២-ឈ្មោះ ហុង ស៊ុនលី ភេទប្រុស អាយុ៣៥ឆ្នាំ ជាមេការគ្រឿងចក្ររស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ៣- ឈ្មោះ បូវ បុរី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាម្ចាស់គ្រឿងចក្រ រស់នៅភូមិទន្លេក្រៅ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន៖ អេស្កាវ៉ាទ័រចំនួន០៣គ្រឿង,រថយន្តត្រៃឡឺចំនួន១គ្រឿង, ប៊ុលដូហ្សែចំនួន១គ្រឿង និងទូរស័ព្ទដៃចំនួន០៤គ្រឿង។

បច្ចុប្បន្នជន សង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងទាំងអស់ត្រូវបានការិយាល័យជំនាញកំពុងរៀបចំឯកសារ ប្រគល់-ទទួលជូនទៅទៅជំនាញខណ្ឌរដ្ឋបាលព្រៃឈេីខេត្តកំពង់ឆ្នាំងបន្តនីតិវិធី។ ដោយ ឡែក ជនសង្ស័យចំនួន០៦នាក់ផ្សេងទៀត ដោយបានការអនុញ្ញាតពីឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើកិច្ចសន្យាអប់រំណែនាំ រួចអនុញ្ញារឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។

សូមបញ្ជាក់ផងដែរថាក្រោយមានការបង្ក្រាបសកម្ម ភាពជីកកាយ និងដឹកយកថ្មភ្នំដោយគ្មានច្បាប់នេះ ប្រជាពលរដ្ឋក្នុងឃុំព្រៃគ្រី សំដែងនូវការកោតសរសើរចំពោះការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងការបង្ក្រាបសកម្មភាពគ្រឿងចក្រខាងលើនេះ។  ប្រជាពលរដ្ឋក្នុងឃុំព្រៃគ្រី ស្រុកជលគិរី  បានលើកឡើងថាកន្លង មកក្រុមគ្រឿងចក្រជីកកាយភ្នំ និងក្រុមរថយន្តទាំងនេះបានធ្វើសកម្មភាពដឹកថ្មភ្នំនេះបង្កឲ្យមានការ 

ហ៊ុយប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពួកគាត់ និងធ្វើអោយបាត់បង់ និងប៉ះពាល់នូវទ្រង់ទ្រាយធនធានភ្នំធម្មជាតិឥតស្តាយស្រណោះ ហើយកន្លងមកក៍មិនដែលឃើញមានសមត្ថកិច្ចណាចុះបង្ក្រាប និងសួរនាំដែរ រហូតមកដល់ពេលនេះឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាផ្ទាល់ចុះបង្ក្រាប ៕