រង្វង់មូលស្រអែម រូបគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលសាងសង់ឡើងក្នុងតម្លៃទឹកប្រាក់ជាង ១២ម៉ឺនដុល្លារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី មាស សុភា

0

ខេត្តព្រះវិហារ៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ​ លោក មាស សុភា បានអញ្ជើញសម្ភោធសមិទ្ធផលថ្មី ដុះលើដែនដីចាស់ គឺរង្វង់មូលស្រអែម ដែលសាងសង់ក្នុងរចនាបទខ្មែរ ដោយចំណាយទឹកប្រាក់អស់ ១២ម៉ឺន ៥ពាន់ដុល្លារអាមេរិក កាលពីល្ងាចថ្ងៃទី៦ធ្នូឆ្នាំ២០២១ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​។

នៅក្នុងពិធីសម្ភោធសំណង់ប្រវត្តិសាស្ត្រមួយនេះ ក៏មានការអញ្ជើញចូលរួមពី លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ,លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ,លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនទៀត ផងដែរ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា ថ្ងៃនេះយើងបានសម្ភោធដាក់ឲ្យប្រើប្រាស់រង្វង់មូលស្រអែម គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ហើយសំណង់ដ៏ប្រណិតនេះ ប្រសិនបើគ្មានព្រឹត្តិការណ៍ ២ធ្នូ ចន្លោះពីឆ្នាំ១៩៧៥-១៩៧៩ នោះទេ នោះសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានា មិនអាចកើតមានសាជាថ្មីនោះដែរ ម្ល៉េះនឹងធ្លាក់ក្នុងគ្រោះមហន្តរាយ និងបំផ្លិញបំផ្លាញដោយប្រល័យពូជសាសន៍ប៉ុល ពត កាន់កាប់អំណាច ប្រទេសជាតិ និងប្រជាជនកម្ពុជា រងទុក្ខខ្លោចផ្សា រស់នៅគ្មានសិទ្ធិសេរីភាព គ្មានទីផ្សារ គ្មានវត្តអារ៉ាម និងគ្មានសាលារៀន…មិនតែប៉ុណ្ណោះ ថែមទាំងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ ថែមទៀតផង។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងរំលឹកគុណពី វីរៈជន ឥស្សរៈជនស្នេហាជាតិដែលបានប្រមូលគ្នា ដើម្បីបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិ ២ធ្នូនៅឆ្នាំ១៩៧៨ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ហើយប្រសិនបើគ្មាន២ធ្នូនោះទេ គឺយើងក៏គ្មានថ្ងៃ៧មករា បើគ្មាន៧មករា ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយយើងក៏គ្មានថ្ងៃបានស្តារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យើងអត់មានសន្តិភាព អត់មានការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចដូចបច្ចុប្បន្ន នេះទេ។

លោកទេសរដ្ឋមន្ត្រី បានថ្លែង ដោយសម្ទេងការអរគុណជាអនេក ចំពោះសម្បុរសជន ដែលបានចូលរួមចំណែក បរិច្ចាកនូវធនធានផ្ទាល់ខ្លួន ដើម្បីជួយក្នុងការកសាងរង្វង់មូលស្រអែម ដែលជាសម្បត្តិសាធារណៈរបស់ជាតិ ហើយការសាងសង់នេះ មិនបានចំណាយថវិកាជាតិនោះឡើយ។

លោកទេសរដ្ឋមន្ត្រី បានថ្លែង កោតសរសើរមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានសង់សំណង់រូបសំណាក់គោបុរៈទី៥ នៃប្រាសាទព្រះវិហារនេះឡើង ដែលនេះជាសមិទ្ធផលថ្មី ដុះលើដីចាស់ និងត្រូវបានចារឹកទុកជាសំណង់ប្រវិត្តិសាស្ត្រ ដ៏ស្រស់បំព្រង ហើយសបញ្ជាក់ឲ្យឃើញថា ខ្មែរពិតអាចជាធ្វើបាន។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងថា រង្វង់មូលស្រអែមនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២ មករា ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។ លោកថា រូបសំណាកតួប្រាសាទ ដែលស្ថិតនៅចំកណ្តាលរង្វង់មូលនេះ គឺយកលំនាំតាមគោបុរៈទី៥ នៃប្រាសាទព្រះវិហារ មានទំហ៊ំ ៧០ភាគរយ នៃតួប្រាសាទដើម រង្វង់មូលនេះចំណាយថវិកាសាងសង់អស់ ១២ម៉ឺន ៥ពាន់ដុល្លារ ដែលថវិកានេះ បានមកពីការចូលរួមចំណែកពីថ្នាក់ដឹកនាំថ្នាក់ជា រដ្ឋបាលថ្នាក់ក្រោមជាតិ និងសប្បុរសជន ដោយមិនប្រើប្រាស់ថវិកាជាតិនោះទេ។

លោក សំ លាងទ្រី បានថ្លែងទៀតថា រង្វង់មូលស្រអែមនេះ គឺសាងសង់ឡើង ដើម្បីឧទ្ទិសបុណ្យកុសលដល់កងកម្លាំងប្រដាប់អាវុធ វីរៈជនអ្នកស្នេហាជាតិ និងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ជំនាន់ ដែលបានពលីក្នុងអំឡុងសង្រ្គាមការពារទឹកដី ឲ្យរួចចាកផុតពីការឈ្លានពានរបស់សត្រូវ និងសូមឲ្យការលះបង់ជីវិតដ៏មានតម្លៃនោះ ប្រែក្លាយទៅជាមនសិការស្នេហាជាតិយ៉ាងមុះមុត សម្រាប់ខ្មែរគ្រប់ៗរូប ជាពិសេស ដល់កងកម្លាំងប្រដាប់អាវុធ វីរៈជនស្នេហាជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅក្នុងសម័កាលសម្តេចតេជោ ហ៊ុន សែន យើងនេះតរៀងទៅ និងសូមឲ្យរួមរស់ជាមួយគ្នា ប្រកបទៅដោយការយោគយល់ ភាតរភាពដើម្បីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង។

គួរបញ្ជាក់ថា កំណត់ត្រាប្រវត្តិសាស្ត្រថ្មី នៃរូបសំណាកគោបុរៈទី៥ ប្រាសាទព្រះវិហារ នេះ ត្រូវបានសាងសង់ឡើង ក្នុងរចនាបថខ្មែរសុទ្ធសាធ នៅលើរង្វង់មូលដ៏ថ្មីស្រឡាងមួយ គឺរង្វង់មូលស្រអែម ត្រង់ចំណុចផ្លូវប្រសព្វគ្នាជា៣ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ដែនដីស្រុកជាំក្សាន្ត ជាប់ព្រំដែនថៃ គឺជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុកមួយ រវាងកងទ័ពព្រៃ និងកងទ័ពរដ្ឋាភិបាលកម្ពុជា នាសម័យអតីតកាល។ រីឯការធ្វើដំណើរទៅកាន់ស្រុកដាច់ស្រយ៉ាលមួយនេះ គឺពោរពេញទៅដោយការលំបាកស្មុគស្មាញ ទាំងសន្តិសុខ សុវត្ថិភាព ហើយត្រូវចំណាយពេលវេលាក្នុងការធ្វើដំណើរ យ៉ាងហោចក៏៣ថ្ងៃនោះដែរ នៅលើកំណាត់ផ្លូវចេញពីទីរួមខេត្ត ប្រមាណ ៨៥គីឡូម៉ែត្រ។ ប៉ុន្តែ នាសម័យកាលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ នៃសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តំបន់ព្រំដែន ដែលស្ថិតនៅទីដាច់ស្រយ៉ាលនោះ បានប្រែក្លាយមកជាជិតបង្កើយ ក្រោមការរួមគ្នាគិត និងរួមគ្នាធ្វើ កសាង និងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ លូ និងសំណង់អគារ សួនច្បារ សាលារៀន មន្ទីរពេទ្យ រីកយ៉ាងស្អេកស្កះ បាននិងកំពុងរះលើដែនដីចាស់ ហើយបានផ្លាស់ប្តូរសម្រស់ ដ៏គួរជាទីគយគន់ និងទាក់ទាក់ទាញ ស្របពេលដែលសំណង់រូបគោបូរៈទី៥ នៃប្រាសាទព្រះវិហារ បាននិងកំពុងដុះឡើងយ៉ាងស្រស់បំព្រង នៅលើទឹកដីជាយដែន ជាប់ព្រំដែនប្រទេសថៃ របស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងគ្រប់ជំនាន់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ៕ដោយ៖ឡុង សំបូរ