សហប្រតិបត្តិការ​រយះ​ពេល​០៣​ឆ្នាំ រវាង​សហព័ន្ធ​សមាគមនារី​ ​ខេត្ត​គៀង​យ៉ាង និង សមាគមនារី​ខេត្ត​កែប ខេត្តកំពត​

0

​ខេត្ត​កែបៈ​ថ្មីៗ​នេះ នៅ​សាលាខេត្ត​កែប មាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ការអនុវត្ត កិច្ចព្រមព្រៀង នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​រយះពេល ០៣ ឆ្នាំ រវាង​សហព័ន្ធ​សមាគមនារី ខេត្ត​គៀង​យ៉ាង​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ជាមួយនឹង​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង អភិវឌ្ឍន៍​ខេត្ត​កែប ខេត្តកំពត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងដំណាក់កាល ឆ្នាំ ២០១០.២០១៥ ។​ ​

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​គណៈប្រតិភូ​ខេត្ត​គៀង​យ៉ាង ដែល​ដឹកនាំ​ដោយ​លោកស្រី​ឡឹម ឡេ​ហា ប្រធាន​សហព័ន្ធ​សមាគមនារី​ខេត្ត គណៈប្រតិភូ​ខេត្តកំពត ដឹកនាំ​ដោយ​លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត និង ជា​សមាជិក​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង អភិវឌ្ឍន៍​ខេត្ត និង គណៈប្រតិភូ​ខេត្ត​កែប ដឹកនាំ​ដោយ លោកជំទាវ ជិន សុ​ងី​ម សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ជា​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង អភិវឌ្ឍន៍​ខេត្ត និង លោកស្រី អ៊ុ​ល ភិ​រុណ ប្រធាន មន្ទីរ​កិច្ចការនារី និង ជា​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង អភិវឌ្ឍន៍​ខេត្ត ។​ ​PDVD_008 (1)

កិច្ច​ប្រជុំបាន​ដំណើរការ​អស់​រយះពេល​ពេញ​មួយ​ព្រឹក ដោយបាន​តាមដាន​ស្តាប់​នូវ​សេចក្តី ព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការអនុវត្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ រយះពេល ០៣​ឆ្នាំ រវាង​សហព័ន្ធ​សមាគមនារី​ខេត្ត​គៀង​យ៉ាង និង សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង អភិវឌ្ឍន៍​ខេត្ត​កែប ខេត្តកំពត អាន​ដោយ លោកស្រី ឡេ ឡឹម​ហា និង សេចក្តីព្រាង​ទិសដៅ សកម្មភាព ពីនេះ​ដល់​ឆ្នាំ​២០១៥ អាន​ដោយ លោកស្រី អ៊ុ​ល ភិ​រុណ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​នៃ​ទំនាក់ ទំនង ការទូត រវាង​សមាគមនារី​ខេត្ត​ទាំងបី ជាពិសេស តាមរយះ​ការសួរសុខទុក្ខ និង ជំនួប​ពិភាក្សា ផ្លាស់ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ពង្រឹង ពង្រីក​ចំណង​សាមគ្គីភាព មិត្តភាព និង សហប្រតិបត្តិការ រវាង​អាជ្ញាធរ ទាំងសងខាង ដើម្បី​ធានាបាន​នូវ​ផលប្រយោជន៍​រួម​របស់​បណ្តា​ខេត្ត​ស្រុក​ជាប់​ព្រំដែន​ក្នុង​ការកសាង​ព្រំដែន​សន្តិភាព ស្ថិរភាព សន្តិសុខ និង អភិវឌ្ឍន៍ ។​ ​

បន្ទាប់ពី មតិ​បំពេញ​បន្លែ​ម​លើ​ពង្រាង​របាយការណ៍ និង ទិសដៅ ព្រមទាំង បទ​អន្តរាគមន៍ របស់​សមាជិកា សមាគមនារី​នៃ​ខេត្ត​ទាំងបី​រួចមក អង្គប្រជុំ​ក៏បាន​ឯកភាព និង ធ្វើ​ពិធី​ចុះហត្ថលេខា លើ​របាយការណ៍ និង ទិសដៅ​សកម្មភាព ពីនេះ​ដល់​ឆ្នាំ​២០១៥ ។​ ​មានប្រសាសន៍​សំណេះសំណាល​បិទ​កិច្ចប្រជុំ ឯកឧត្តម កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ដឹកនាំ​កិច្ចប្រជុំ​នេះ​ដែល​បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​អនុវត្តន៍​តួនាទី ភារកិច្ច និង លក្ខន្តិកៈ​របស់​សមាគម​នារី​នៃ​ខេត្ត​ទាំងបី សំដៅ​ការពារ សិទ្ធិ និង ផលប្រយោជន៍​ស្របច្បាប់​របស់​នារី និង កុមារ និង ការលើក​កំពស់​តម្លៃ​ស្ត្រី​ក្នុងសង្គម ។

ជាមួយនេះ​ក៏បាន​បញ្ជាក់​អំពី​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ និង ទូលំទូលាយ រវាង សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្ត​កែប​ខេត្តកំពត​និង​សហព័ន្ធ​សមាគមនារី​ខេត្ត​គៀង​យ៉ាង ផងដែរ ។ ហើយ​ឆ្លងតាម​លទ្ធផល​នៃ​កិច្ចប្រជុំ ជាពិសេស​ផ្អែកលើ​ទិសដៅ សកម្មភាព សម្រាប់​ពីនេះ​ដល់​ឆ្នាំ​២០១៥ ដែល​អង្គ​ប្រជុំបាន​ឯកភាពគ្នា ឯកឧត្តម សង្ឃឹមថា សមាគមនារី​ខេត្ត ទាំងបី នឹង​កាន់តែ​បង្កើន​កិច្ចសហការ​កាន់តែ​ជិតស្និទ្ធ រឹងមាំ ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ និង លទ្ធផល​កាន់តែ​ល្អប្រសើរ ធំធេង​ថែមទៀត ។ ​

ក្នុងឱកាស​នោះ ឯកឧត្តម កែន ស​ត្ថា ក៏បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ សមាគមនារី​ខេត្ត​គៀង​យ៉ាង ហើយ​ថ្នាក់ដឹកនាំ​សមាគមនារី​ខេត្ត​ទាំងបី​ក៏បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​គ្នា ទៅវិញទៅមក ជា​និមិត្តរូប​នៃ​ចំណង​សាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ​យូរអង្វែង ៕